អ្នកប្រដាល់ថៃ លូម លេង គ្រងខ្សែក្រវាត់ខារ៉ាបាវ អមដោយប្រាក់រង្វាន់ ២០ លានរៀល

ភ្នំពេញ៖ នេះគឺជាអ្នកប្រដាល់បរទេសទី២ ហើយដែលបានឈ្នះក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ និងបានស្ពាយខ្សែក្រវាត់ ព្រមទាំងប្រាក់រង្វាន់ ២០.០០០.០០០រៀល (ប្រហាក់ប្រហែលនឹង៥.០០០ដុល្លារ) ពីស្រុកខ្មែរទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ។ សូមរំលឹកថា កាលពីរជ្ជកាលមុនអ្នកប្រដាល់ឡាវថាវ អ៊ូឡាន (Thav Oulan) បានយកឈ្នះអ្នកប្រដាល់កម្ពុជាឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡានៅវគ្គផ្ដាច់ព្រ័ត្រ ។ សម្រាប់រជ្ជកាលនេះវិញអ្នកប្រដាល់កម្ពុជាបានខ្ទាតចេញពីការប្រកួតអស់នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៩ ខែកក្កដាកន្លងមកគឺជាជំនួបរវាងអ្នកប្រដាល់ថៃជាមួយអ្នកប្រដាល់ថៃ ពោលគឺកីឡាករ លូម លេង (Loom Leng) បានប្រកួតឈ្នះអ្នកប្រដាល់រួមជាតិរបស់ខ្លួនផ្លាយ ណយ (Phlay Noy) ដោយពិន្ទុទាំងឯកច្ឆន្ទ ៥ទល់០ ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង ២ រូបនេះគឺមានស្ថានភាពមិនលើសខ្វះគ្នាទេតែនៅទឹកទី២ ផ្លាយ ណយ បានភ្លាត់ស្នៀតហើយត្រូវ លូម លេង វាយមួយដៃចំកណ្ដាលមុខបណ្ដាលឲ្យដួលហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។ទោះបីផ្លាយ ណយ បន្តការប្រកួតបានទៀតក៏ពិតមែនតែគេចាញ់គូប្រកួតរបស់ខ្លួនដោយត្រូវគេវ៉ៃរាប់ដល់ ៨នេះឯង ។

ចំពោះគូប្រកួតអមនោះអ្នកប្រដាល់កម្ពុជា ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវអ្នកប្រដាល់ថៃយ៉ត ភីត (Yorth Phit) ទាត់មួយជើងចំកញ្ចឹង ក បណ្ដាលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ៣ ។ ពេលអ្នកឲ្យទឹកគ្រាហ៍ចុះពីសង្វៀនកែវដា និយាយទាំងវង្វេងដោយសួរទៅអ្នកគ្រាហ៍ខ្លួនថាមានរឿងអ្វីហ្នឹងបានជាគេមិនដឹងសោះបែបនេះ ។ សន្លប់ធំគឺវង្វេងអញ្ចឹងហើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ