លោកឈាង សុវណ្ណរតនា សន្យានឹងឧបត្ថម្ភដល់អត្តពលិកការ៉ាតេដូបើឈ្នះមេដាយនៅសុីហ្គេមឆ្នាំនេះ

ភ្នំពេញ៖ នេះគឺជាការជំរុញ និងលើកទឹកចិត្តដ៏ធំមួយសម្រាប់សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតប្រជែងដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ ដោយលោកឈាង សុវណ្ណរតនា ប្រធានស្ថាបិកសមាគមយុវជន ស្ម័គ្រចិត្តខ្មែរ បានមានប្រសាសន៍ថា ស្របពេលវិស័យកីឡាកម្ពុជាកំពុងមានការរីកចម្រើន និងមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កីឡាករ-កីឡាការិនី ពិសេសថ្នាលយុវជនគប្បីត្រូវខិតខំហ្វឹកហាត់ដើម្បីដណ្ដើមកិត្តិយសជូនជាតិ ។
    ជាងនេះទៅទៀតត្រូវជៀសឲ្យឆ្ងាសពីគ្រឿងញៀន មិនតែប៉ុណ្ណោះប្រធានស្ថាបនិកសមាគមយុវជនស្ម័គ្រចិត្តខ្មែរខាងលើក៏បានគាំទ្រ និងលើកទឹកចិត្តសម្រាប់ អត្តពលិកត្រៀមចូលរួមកីឡាស៊ីហ្គេមលើកទី២៩ នាពេលឆាប់ៗ ខាងមុខផងដែរ ។ ក្នុងនាមសិស្សគុនកីឡាការ៉ាតេដូម្នាក់ លោកនឹងជួយក្រុមកីឡាការ៉ាតេដូទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីជាការរួមចំណែកលើកទឹកចិត្តចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ។
 ទាក់ទងនឹងចំនួនទឹកប្រាក់ឧបត្ថម្ភដល់ជ័យលាភីកីឡាស៊ីហ្គេមនោះ លោកមិនបានបញ្ជាក់ថា នឹងឧបត្ថម្ភក្នុងមេដាយ ១គ្រឿងប៉ុន្មាននោះទេ គ្រាន់តេលោកបញ្ជាក់ថាចាំមើលលទ្ធផលដែលយើងទទួលបានមានប៉ុន្មានសិនទើបយើងអាចបែកចែកបាន ។
 
ជាមួយគ្នានេះដែលលោក ឡាច ចន្ធរិទ្ធី គ្រូបង្វឹកក្រុមកីឡាការ៉ាតេដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថាអត្តពលិកទាំង ៧នាក់សុទ្ធសឹងជាកីឡាករវ័យក្មេង និងមានសមត្ថភាពហើយពួកគេបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចដើម្បីចូលរួមប្រយុទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម តែចំពោះការដណ្ដើមបានមេដាយ ឬអត់ លោកមិនទាន់ដឹងនោះទេគ្រាន់តែលោករំពឹងថាកូនសិស្សខ្លួននឹងតស៊ូដល់ទីបញ្ចប់ដើម្បីកិត្តិយសគ្រួសារ និងជាតិរបស់ខ្លួន ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ