ឈិនឡូនកម្ពុជា ត្រូវប្រជែងយកមេដាយជាមួយប្រទេស ៧ផ្សេងទៀតនៅសុីហ្គេមឆ្នាំនេះ

ភ្នំបេញ៖ គិតមកដល់ពេលនេះ សហព័ន្ធកីឡាសីដក់ ឬ សីប៉ាក់តាក្រកម្ពុជា កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងជាពិសេសកំពុងជំរុញវិញ្ញាសាឈិនឡូនឲ្យខ្លាំងមួយកម្រិតទៀតបន្ទាប់ពីទទួលដំណឹងថា ប្រភេទកីឡានេះមានប្រទេសខ្លាំងៗចូលរួមរហូតទៅដល់ ៨ប្រទេសរួមទាំងកម្ពុជាផង ខណៈកាលពីឆ្នាំ២០១៥ មានតែ ៦ប្រទេសប៉ុណ្ណោះ។
អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លោក ទូច សុភៈ បានឱ្យដឹងថា នៅឆ្នាំនេះសហព័ន្ធបានសម្រេចបញ្ជូនអត្តពលិកទៅប្រកួតនៅស៊ីហ្គេមម៉ាឡេស៊ីចំនួន ៨នាក់ ដែលក្នុងនោះមាន៖ កីឡាករ អ៊ឹង ណារិទ្ធ, ជាតិ ខេមរិន្ទ, រៀម សុខភីរម្យ, ហេង រ៉ាវុត, ណាង សុភាព, ឈន សុខុម, ទ្រឹង លី និងកីឡាករ សុភៈ ចននី ។ នៅក្នុងចំណោម កីឡាករទាំង ៨នាក់នោះ គឺមានតែកីឡាករ ឈន សុខុម ម្នាក់គត់ជាអ្នកចំណូលថ្មី ដោយរូបគេត្រូវបានដាក់ជំនួសទីតាំងរបស់កីឡាករ ជិន សុវណ្ណរិទ្ធ ដែលបានជាប់អាហាររូបករណ៍ចេញទៅរៀននៅក្រៅប្រទេស ចំណែកកីឡាករ ៧ នាក់ទៀត គឺសុទ្ធតែជាបេក្ខភាពជើងចាស់ដែលធ្លាប់ឈ្នះបានមេដាយមាសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរី។ លោកបន្តថា៖ «យើងមិនទាន់ប្រាកដថា យើងអាចដណ្តើមបានមេដាយមាសទៀត ដូចកាលប្រកួតកីឡាស៊ីហ្គេមនៅប្រទេសសឹង្ហបុរី ឬយ៉ាងណានោះទេ ព្រោះស៊ីហ្គេមនៅឆ្នាំនេះសម្រាប់ការប្រកួតវិញ្ញាសាឈិនឡូនមានរហូតដល់ ៨ ប្រទេសចូលរួម គឺលើកលែងតែប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងទីម័រ ខណៈការប្រកួតកាលពីឆ្នាំ២០១៥ មានតែ ៦ ប្រទេសទេដូចជា ថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន»។
ជាមួយនឹងការត្រៀមចេញទៅប្រជែងយកមេដាយមកជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំនេះ សហព័ន្ធក៏បានបញ្ជូនអត្តពលិករបស់ខ្លួនទៅធ្វើការហ្វឹកហាត់ជាមួយនឹងម្ចាស់កីឡាដើមនៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ខែពេញមុនចេញទៅប្រកួត។ លោកបន្ថែមថា៖ «ការចេញទៅហាត់នៅមីយ៉ាន់ម៉ានេះ គឺយើងសម្រួចតែលើវិញ្ញាសាឈិនឡូនទេដើម្បីយកមេដាយជូនជាតិពិសេសវិញ្ញាសាទី១ ចំណែកសីប៉ាក់តាក្រយើងលេងអត់បានគ្រប់វិញ្ញាសាទេគឺបានតែ ២ វិញ្ញាសាដោយសារចំនួនកីឡាកររបស់យើងមិនគ្រប់ចំនួនចូលរួមប្រកួតលើវិញ្ញាសាផ្សេងទៀត ជាពិសេសកីឡាសីប៉ាក់តាក្រនេះ ប្រទេសទាំង ១១ នៅអាស៊ានចេះលេងទាំងអស់ហើយកម្រិតលេងរបស់យើងគឺលើតែប្រទេសប្រ៊ុយណេ និងទីម័រ ទេគឺសូម្បីតែឡាវ ក៏នៅលើយើងដែរ»។ គួរបញ្ជាក់ផងដែរថា ការឈ្នះមេដាយមាស១ របស់ក្រុមឈិនឡូនកម្ពុជាបន្ថែមទៅលើការឈ្នះមេដាយប្រាក់ ៥ និងសំរឹទ្ធ៩ ទៀតជួយឲ្យកម្ពុជាឡើងទៅឈរនៅលេខរៀងទី៨ ក្នុងចំណោម ១១ ប្រទេសជាលើកដំបូង គឺលើឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ខណៈស៊ីហ្គេមមុនៗ កម្ពុជាបានឈរនៅលេខរៀងទី៩ ក្រោមឡាវរហូត ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ