គ្រូស្វាយរៀង ប្រតិកម្មអ្នកចាត់ការក្រុមទ័ពយ៉ាងខ្លាំង ក្រោយយកឈ្នះ ៣-២ យប់មិញ

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងក្រសួងការពារជាតិ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីយប់មិញ ។ ប៉ុន្ដែទន្ទឹមនឹងការទទួលបានជ័យជម្នះនេះ ក៏កើតមានការមិនពេញចិត្តពីសំណាក់អ្នកចាត់ការទូទៅរបស់ក្រុមភ្ញៀវលោក ខូវ ឆាយ រហូតមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមម្ចាស់ផ្ទះស្វាយរៀងផងដែរ ។

 

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតដ៏តានតឹងខាងលើ គេឃើញលោក ខូវ ឆាយ បានបង្ហោះសារមួយឃ្លាលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «ប្លន់ជ័យជម្នះសុទ្ធសាធ» ដែលប្រយោគនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត ពិសេសគឺគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត ដែលបានប្រតិកម្មយ៉ាងខ្លាំងលើ Facebook របស់ខ្លួន បើទោះបីលោក ខូវ ឆាយ បានលុបប្រយោគខាងលើហើយក្ដី ។

លោក សំ វ៉ាន់ដេត បានធ្វើប្រតិកម្មធ្ងន់ៗថា៖ «សំដីដ៏សែនថោកទាបរបស់អ្នកដឹកនាំថោកទាប ។ ទ្រាំមិនបាន សុំទោស ទៅជាស្អីទៅ» ។ នេះគឺជាសង្គ្រាមពាក្យសម្ដីរបស់ថ្នាក់ដឹកនាំក្រុមលំដាប់កំពូលតារាងទាំងពីរ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទាំងយប់ ។

យ៉ាងណាមិញជ័យជម្នះខាងលើ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងជាមួយពិន្ទុកាន់តែដាច់ឆ្ងាយ ៣១ពិន្ទុក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះ៩ ស្មើ៤ និងចាញ់១ ហើយតាមពីក្រោយដោយក្រុមក្រសួងការពារជាតិមាន ២៧ពិន្ទុដដែល ។ ចំណែកក្រុមណាហ្គាវើល នៅតែបន្ដឈរលេខរៀងទី៣ និងមាន ២៦ពិន្ទុ បន្ទាប់ពីប្រកួតស្មើក្រុមបឹងកេត ដោយលទ្ធផល ១-១ កាលពីយប់មិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ