ប៉ោ ភារិទ្ធ ជួបជើងខ្លាំងថៃ Orono នៅ CNC

ភ្នំពេញ៖ អ្នកប្រដាល់ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Orono Sor Ratana Rongrout លើសង្វៀនគោជល់របស់ CNCនៅយប់ថ្ងៃទី២៩ ខែកក្កដាស្អែកនេះ ។ កីឡាករ Orono គធ្លាប់មកប្រកួតនៅស្រុកខ្មែរហើយគេជាជើងខ្លាំងមួយរូបដែលកម្រមានអ្នកប្រដាល់កម្ពុជាណាងាយនឹងយកឈ្នះគេបានណាស់ ។ ពេលនេះគេជួបជាមួយប៉ោ ភារិទ្ធ ដែលជាអ្នកប្រដាគុនខ្មែរជម្រើសជាតិ ។ នរណាក៏ដឹងថាភារិទ្ធជាខ្លាស្ទាវមួយរូបដែលមិនស្រួលបង្ក្រាបដែរ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួប៧១ដង ឈ្នះ៦៤ដង ចាញ់៥ដង ស្មើពិន្ទុ ២ ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន១៣ ដង ។ អ្នកប្រដាល់រូបនេះមិនមានឈ្មោះក្នុងបញ្ជីទៅ SEA Gamesឡើយដោយសារគេមានទម្ងន់៦៣,៥០គីឡូក្រាមស្មើឃុន ឌីម៉ា ហៅឃីម ឌីម៉ាជាអ្នកប្រដាល់គុនខ្មែរជម្រើសជាតិមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ចំពោះអ្នកប្រដាល់ថៃ Orono Sor Ratana Rongrout វិញគេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៥ដង ចាញ់១៨ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះគេជឿថានឹងប្រកួតគ្នា ៥ ទឹកពេញ ។ សម្រាប់ជ័យជំនះមិនដឹងថាបានទៅប៉ោ ភារិទ្ធ ឬ Orono Sor Ratana Rongrout ឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ