អ្នកប្រដាល់វ័យក្មេង ៤៧នាក់ប្រជែងគ្នាដណ្ដើមជើងឯករាជធានីនៅស្ដាតចាស់

ភ្នំពេញ៖ រយៈពេលជាង ៥ថ្ងៃហើយដែលការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានដាក់ឲ្យកីឡាករ កីឡាការិនីប្រដាល់សេរី និងសកលប្រកួតប្រជែងគ្នាដណ្ដើមយកជើងឯកប្រចាំ ឆ្នាំ២០១៧ ដោយគ្រោងបញ្ចប់នៅថ្ងៃសុក្រនេះ។ កម្មវិធីនេះជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំរបស់មន្ទីររាជធានីភ្នំពេញ ក៏ដូចគ្នាទៅនឹងព្រឹត្តិការណ៍កីឡារបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តនានាដែរ ពោលគឺជាការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំថ្នាក់ខេត្តរាជធានី ។ នេះបើតាមការឲ្យដឹងពី លោក សេង ស្រេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ កាលពីថ្ងៃបើកឆាកដំបូង។
លោកបានបន្តថា៖ «ការប្រកួតនេះ យើងគ្រោងថា អត្តពលិកជាង ៨០នាក់ចូលរួមប្រកួត តែដល់យើងពិនិត្យតាមលក្ខណៈបច្ចេទេស មានខុសទម្ងន់គ្នា ទើបក្រុមការងារបច្ចេកទេសសម្រេចយកតែ ៤៧ នាក់ប៉ុណ្ណោះដែលមកពី ៧ក្លឹបក្នុងរាជធានីភ្នំពេញ។ នៅក្នុងចំនួនកីឡាករទាំង ៤៧ នាក់នោះ មានប្រដាល់សកល ១៦ នាក់ ដោយចែកជា ៥ប្រភេទទម្ងន់ គឺ ៤៥គីឡូក្រាមចំនួន ៣ នាក់, ទម្ងន់ ៥៦គីឡូក្រាមចំនួន ៣នាក់, ទម្ងន់ ៦០គីឡូក្រាមមាន ៤នាក់ និងទម្ងន់ ៨៩គីឡូក្រាមមាន ៣នាក់ ចំណែកឯប្រដាល់គុនខ្មែរមាន ៣១នាក់ ចែកចេញជា ៧ប្រភេទទម្ងន់មាន ៥១គីឡូក្រាម ៣នាក់ ទម្ងន់ ៥៤គីឡូក្រាមមាន ៤នាក់, ទម្ងន់ ៥៧គីឡូក្រាម ៤នាក់, ទម្ងន់ ៦០គីឡូក្រាមមាន ៦នាក់, ទម្ងន់ ៦៣,៥គីឡូក្រាមមាន ៤នាក់, ទម្ងន់ ៦៧គីឡូក្រាម ៧នាក់ និងទម្ងន់ ៧១គីឡូក្រាមមាន ៣នាក់ ។»
គួរបញ្ជាក់ផងដែរថា កីឡាករឡើងមកប្រកួតទទួលបានប្រាក់ ១លើកចំនួន ៤ ម៉ឺនរៀល ទោះចាញ់ឬឈ្នះ ហើយប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី គឺទទួលបានស្មើទៅនឹងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដែរ ប៉ុន្តែតម្លៃក្លិបពុំមានដូចការប្រកួតលក្ខណៈឯកជនជាក្រុមហ៊ុនដូចរាល់ចុងសប្តាហ៍ នៅតាមស្ថានីយ ទូរទស្សន៍នានាបច្ចុប្បន្ននោះឡើយ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ