បណ្ដុះបណ្ដាលគ្រូកាយសម្ព័ន្ធកម្រិតមូលដ្ឋាននៅខេត្តក្រចេះចំនួន ៣០នាក់

ភ្នំពេញ៖ ដោយមានការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា រួមទាំងកិច្ចសហការពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះផងនោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននៅខេត្តក្រចេះដែលជាខេត្តមួយប្រកបដោយសក្តានុពលលើវិស័យកីឡាមួយនេះ ។ លោកណយ ផាណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូឧទ្ទេសសម្រាប់វគ្គនេះផងនោះបានរាយការណ៍ពីខេត្តក្រចេះមកថាវគ្គនេះបានចាប់ផ្ដើមតាំងពីថ្ងៃ២៦ មកម្ល៉េះហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ដោយមានសិក្ខាកាមចំនួន ៣០រូបដែលក្នុងនោះមាន ៣រូបជានារី ។

វគ្គនេះសិក្សាលម្អិតទៅលើទ្រឹស្ដីនៃការអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធអាទីស្ទីកកម្រិតមូលដ្ឋាន(Artistic Gymnastic Basic) ។ ជាមួយនឹងការសិក្សាពីទ្រឹស្ដីនេះក៏មានការអនុវត្តន៍នៅលើទីលានទៀតផង ។ ទ្រឹស្ដីការអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិតមូលដ្ឋាន (Aerobic Gymnastic Basic) ក៏បានលើកយកមកសិក្សាព្រមទាំងមានការអនុវត្តន៍ជាក់ស្ដែងនៅលើទីលានទៀតផង ។ បន្ទាប់ពីសិក្សាចប់លោកណយ ផាណា ដែលជាគ្រូឧទ្ទេសក៏នឹងធ្វើការរំលឹកឡើងវិញនូវអ្វីដែលលោកបានបង្រៀនដើម្បីឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីតួនាទីរបស់គ្រូបង្វឹកកម្រិតមូលដ្ឋាន ។ លោកក៏បានឲ្យដឹងដែរថាជាគ្រូបង្វឹកមិនត្រឹមតែចេះទ្រឹស្ដីប៉ុណ្ណោះទេតែគរុកោសល្យក្នុងការបង្ហាត់ ពិសេសធ្វើឲ្យកីឡាករ-កីឡាការិនីមានអារម្មណ៍ល្អ និង សប្បាយចិត្តក្នុងការហ្វឹកហាត់នោះជារឿងសំខាន់ណាស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ