លោក Leonardo ត្រៀមកីឡាករ ២០នាក់ទៅសុីហ្គេម ខណៈមានយុវជនក្រោន ៧នាក់

ភ្នំពេញ៖ លោក Leonardo Vitorino បានត្រៀមកីឡាករជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជាត្រឹម ២០នាក់ប៉ុណ្ណោះ ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខ ។ នេះបើតាមប្រភពផ្លូវការ ដែលបង្ហើបឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
  សម្រាប់សមាជិកក្រុម U-22កម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមទាំង ២០នាក់ខាងលើ គេឃើញមានកីឡាករយុវជនចេញពីក្លឹបភ្នំពេញក្រោនចំនួន ៧នាក់ឯណោះ រួមមានកីឡាករ ប្រាក់ ធីវ៉ា, ជូន ចាន់ចាវ, អ៊ិន សុដាវិដ, ឆុំ ភិសា, សឿត បារាំង, ស៊ីន កក្កដា និងចាំទី កែវ សុខសិលា ។ ក្រៅពីនេះ គឺកីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, បឹងកេត, ប៉ូលិស និងណាហ្គាវើលចំនួន ១៣នាក់ទៀតផងដែរ ។
គួរបញ្ជាក់ថា បាល់ទាត់គឺជាកីឡាមួយក្នុងចំណោមកីឡាទាំង ២៤ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបញ្ជូនទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ដោយក្រុម U-22កម្ពុជាស្ថិតក្នុងពូលB ជាមួយថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត ។
 
 ម្យ៉ាងវិញទៀត បាល់ទាត់ក៏នឹងធ្វើការប្រកួតមុនគេ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះផងដែរ ដោយក្រុម U-22កម្ពុជា ត្រូវប្រកួតបើកឆាកពូលB នៅថ្ងៃទី១៤ ខែសីហា ដោយជួបក្រុមខ្លាំងថៃដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកមុន ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ