ជើងខ្លាំង ៤ រូបប្រជែងគ្នាដណ្តើមសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រ TV5 Boxing Knock-Out Serie

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដានេះព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយជាមួយគ្នានេះដែរ ជើងខ្លាំង ៤រូបនឹងត្រូវប្រជែងគ្នាដណ្តើមសិទ្ធិឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដើម្បីក្លាយជាជើងឯកអមដោយប្រាក់រង្វាន់ចំនួន ៤.០០០ដុល្លារផងដែរ ។ នៅក្នុងវគ្គនេះអ្នកប្រដាល់មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ។

គួរបញ្ជាក់ថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនមែនជាវគ្គមួយដែលងាយស្រួលនោះទេព្រោះអ្នកដែលឡើងមកដល់វគ្គនេះសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតជម្រុះ ៣វគ្គរួចមកហើយ ។ សូមរំលឹកថា កាលប្រកួតនៅវគ្គជម្រុះជុំទី១ មាស សុជាតិ បានឈ្នះម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកនៅទឹកទី ២ ។ លុះដល់នៅជុំទី២ គេបានប្រកួតឈ្នះកុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធដោយពិន្ទុ និងកាលពីជុំទី៣ បានបន្តឈ្នះថន វាសនា មកពីក្លិបនាគរាជមានរិទ្ធដោយពិន្ទុ ។ ចំពោះពុយ វណ្ណៈ វិញកាលប្រកួតជម្រុះនៅជុំទី១ គេបានឈ្នះអ្នកប្រដាល់ថា សារ៉ែម មកពីក្លិបពន្លឺណេអុង ដោយពិន្ទុ ហើយនៅជុំទី២ បានបន្តឈ្នះប្រាក់ រស្មី មកពីក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុដែរ លុះនៅជុំទី៣ គេក៏បានប្រកួតឈ្នះអ្នកប្រដាល់ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនៅទឹកទី២ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃក្រសួងការពារជាតិនឹងជួបជាមួយអ្នកប្រដាល់ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ។ កាលពីវគ្គប្រកួតជម្រុះជុំទី១ សុវណ្ណ បានឈ្នះអ្នកប្រដាល់ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ នៅជុំទី២ រូបគេបានឈ្នះឆាំ រ៉ែម មកពីក្លិបពន្លឺណេអុងដោយពិន្ទុ និងនៅជុំទី៣ បានឈ្នះផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធដោយពិន្ទុដែរ ។ ចំពោះពុទ្ធ សំបូរ វិញនោះកាលពីជុំទី១ គេបានឈ្នះផៃ ក្រៃ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង លុះដល់ជុំទី២ បានឈ្នះឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡាដោយពិន្ទុ និងក្នុងជុំទី៣ បានយកឈ្នះសៅ វណ្ណា មកពីក្លិបសុភានូមានជ័យដោយពិន្ទុ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ