អ្នកប្រដាល់ថៃ លូម លេង និង ផ្លាយ ណយ ប្រជែងគ្នាដើម្បីស្ពាយលុយ ៥.០០០ដុល្លារពីសង្វៀនស្រុកខ្មែរ!

ភ្នំពេញ៖ អ្នកប្រដាល់ថៃ ២រូបនឹងប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមដែលមានប្រាក់រង្វាន់អមចំនួន ៥.០០០ដុល្លារលើសង្វៀនអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ។ អ្នកប្រដាល់ថៃលូម លេង (Loom Leng) និង ផ្លាយ ណយ (Phlay Noy) ដែលជិះឡានពីស្រុកថៃមកជាមួយគ្នាដើម្បីប្រកួតនៅស្រុកខ្មែរនោះនឹងត្រូវប្រជែងគ្នាយកខ្សែក្រវាត់ និងលុយដ៏ច្រើននេះស្ពាយយកទៅស្រុករបស់ខ្លួនវិញ ។ លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានអះអាងថាពួកគេនឹងវាយគ្នាអស់ពីសមត្ថភាព ព្រោះទោះបីជាពួកគេគឺជាជនជាតិថៃដូចគ្នាក៏ដោយ ប៉ុន្តែគេមកពីក្លិបខុសគ្នាហេតុនេះ ត្រូវតែប្រជែងយកលុយ ៥.០០០ដុល្លារនេះហើយ ព្រោះបើចាញ់គឺបានចំណាត់ថ្នាក់លេខ២ ដែលមានរង្វាន់ ៣.០០០ដុល្លារ ។

គួរបញ្ជាក់ថា ក្នុងមួយព្រឹត្តិការណ៍នេះលូម លេង មិនទាន់ស្គាល់ចាញ់នោះទេគឺ ៤ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ និងមួយប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលូម លេង បានទទួលជ័យជម្នះទាំងអស់ ។ ចំពោះផ្លាយ ណយ វិញគេចាញ់មួយប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុក្រៅពីនោះគេបានទទួលជ័យជម្នះទាំងអស់ ។ គួររំលឹកដែរថា នៅក្នុងព្រឹត្តិការណ៍នេះមានអ្នកប្រដាល់កម្ពុជា ៤រូបគឺង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ, រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១, រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និងមាស ច័ន្ទមាន មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ  ។ អ្នកប្រដាល់កម្ពុជាទាំង ៤ រូបនេះហាលអាវអស់ហើយ ។ ចំពោះអ្នកប្រដាល់ថៃទាំង ៤ រូបនោះមានលូម លេង ផ្លាយ ណយ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រ ។ ចំពោះអ្នកប្រដាល់ ២រូបទៀតដែលត្រូវហាលអាវនោះគឺផាត ឆាយ៉ាកភូមិ (Phat Chhayakphum) ដែលពិន្ទុរបស់គេស្មើផ្លាយ ណយដែរតែដោយសារគេសន្លប់មួយប្រកួត ។ មួយរូបទៀតនោះគេឈ្មោះឡាក ឡាយ (Lack Lay) អ្នកប្រដាល់រូបនេះ៤ប្រកួតចាញ់ទាំង ៤ប្រកួតតែម្តង ។ លោកថាន វ៉ាឡេក (Than Wallek) ដែលជាតំណាងគ្រូបង្វឹករបស់ថៃបាននិយាយថា នៅស្រុកថៃកម្រិតរបស់ផ្លាយ ណយ ខ្ពស់ជាងលូម លេងតែពេលមកវាយនៅស្រុកខ្មែរបែរជាលូម លេង ល្អជាងទៅវិញ ។ ដូច្នេះចាំមើលខ្សែក្រវាត់នេះនឹងធ្លាក់ចូលក្នុងដៃរបស់លូម លេង ឬ ផ្លាយ ណយ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ