លីគបន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈក្រុមកំពូលតារាងប៉ះគ្នា

ភ្នំពេញ៖ ក្រោយសម្រាកការប្រកួតជាងមួយខែរួចមក លីគកំពូលកម្ពុជានឹងបន្ដការប្រកួតនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះវិញហើយ ហើយក៏ជាសប្ដាហ៍ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ដោយសារក្រុមខ្លាំងៗលំដាប់ Top-5 ត្រូវប្រឈរមុខនឹងគ្នា ពិសេសគឺក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមជើងឯករងឆ្នាំចាស់ ក្រសួងការពារជាតិតែម្ដង ។

សម្រាប់ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ នៅថ្ងៃសៅរ៍នេះ នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ។ កាលពីជួបគ្នាជើងទី១ ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់រួចហើយ ។ ប៉ុន្ដែការត្រៀមជួបគ្នាជើងទី២ នេះវិញ គ្រូបង្វឹកក្រុមទាំងពីរ មានលោក ទេព ឡុងរចនា គ្រូក្រសួងការពារជាតិ និងលោក សំ វ៉ាន់ដេត គ្រូព្រះខ័នរាជស្វាយរៀង សុទ្ធតែប្ដេជ្ញាដណ្ដើមឲ្យបាន ៣ពិន្ទុរៀងៗខ្លួន ដោយមិនចប់បាន ១ពិន្ទុដូចជើងទី១ ឡើយ ។

ក្រៅពីជំនួបក្រុមខ្លាំង ប៉ះខ្លាំងខាងលើ ក្រុមឈរលេខរៀងទី៣ ណាហ្គាវើល ក៏ត្រូវជួបក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេតអង្គរ នៅថ្ងៃជាមួយគ្នានោះផងដែរ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមវេស្ទើន ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវស៊ីម៉ាក់ ។ ចំណែកកម្មវិធីប្រកួតនៅថ្ងៃអាទិត្យវិញ រួមមានក្រុមអាស៊ីអឺរ៉ុប ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានស្តាតចាស់, ក្រុមខេមបូឌានថាយហ្គឺ ជួបក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តសៀមរាប និងក្រុមឈរលេខរៀងទី៤ ភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ទឹកដីអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ២៨ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ៨ ស្មើ២ និងចាញ់១ ហើយតាមពីក្រោយដោយក្រុមក្រសួងការពារជាតិមាន ២៧ពិន្ទុ ក្រោយឆ្លងកាត់ ១៣ប្រកួតដូចគ្នា ឈ្នះ៨ ស្មើ៣ និងចាញ់១ ។ ចំណែកក្រុមណាហ្គាវើលឈរលេខរៀងទី៣ មាន ២៥ពិន្ទុ និងក្រុមភ្នំពេញក្រោនឈរលេខរៀងទី៤ មាន ២៤ពិន្ទុ ។ រីឯក្រុមឈរបាតតារាង រួមមានក្រុមស៊ីម៉ាក់ទើបរកបាន ១១ពិន្ទុ និងក្រុមគិរីវង់សុខសែនជ័យ ទើបរកបាន ២ពិន្ទុគត់ក្នុងចំណោម ១៣ប្រកួតដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ