លោក Leonardo ថា ឈ្នះហ្វីលីពីន ១-០ ក៏មិនសប្បាយចិត្តដូចចាញ់ជប៉ុន ឬស្មើចិនដែរ

ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា លោក Leonardo Vitorino បានសម្ដែងការមិនពេញចិត្តចំពោះកូនក្រុម បើទោះបីបានយកឈ្នះក្រុមក្រុម U-23ជប៉ុន ដោយលទ្ធផល ១-០ នាជំនួបបញ្ចប់ពូលJ នៃវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 កាលពីយប់មិញក៏ដោយ ខណៈលោកថា ជ័យជម្នះនេះ មិនស្មើនឹងការចាញ់ក្រុមខ្លាំង ដូចជាជប៉ុន ឬស្មើចិន តែកម្ពុជាលេងអស់ពីសមត្ថភាពឡើយ ។

ក្រោយចប់ការប្រកួតយប់មិញលោក Leonardo បាននិយាយថា៖ «ខ្ញុំអត់បញ្ហានូវពេលការប្រកួតចាញ់ ហើយយើងលេងអស់ពីចិត្ត ពេលយើងលេងជាមួយក្រុមខ្លាំង យើងចាញ់អត់បញ្ហា ប៉ុន្ដែការប្រកួតនេះ ទោះយើងឈ្នះ ប៉ុន្ដែខ្ញុំមិនសូវជាសប្បាយចិត្តទេ ។ បើទោះបីកីឡាករយើង ពួកគាត់ហាក់ថមថយកម្លាំងបន្ដិច ប៉ុន្ដែខ្ញុំគិតថា ពួកគេអាចលេងបានប្រសើរជាងនេះ ។ វិថីរបស់យើង គឺឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដូច្នេះខ្ញុំចង់ឲ្យពួកគេបង្កើតនូវការប្រកួតរបស់ពួកគេឲ្យបានច្រើន» ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោកមើលឃើញកូនក្រុមខ្លួន ហាក់មិនសូវខំប្រឹងអស់ពីសមត្ថភាព ឬធ្វើមិនបានល្អ ក្រោយពេលដឹងថា ក្រុមចិន បានយកឈ្នះជប៉ុន ២-១ ដែលធ្វើឲ្យកម្ពុជាអស់ឱកាសឡើងវគ្គបន្ដ ។ តែធាតុពិតលោកមិនចង់បានដូច្នេះឡើយ ពោលគឺទោះបីធ្លាក់ក្ដី ក៏លោកចង់ឲ្យកូនក្រុមខំប្រឹងអស់ពីសមត្ថភាព ដើម្បីបង្ហាញពីភាពរីកចម្រើន និងឆ្ពោះទៅកសាងអនាគតបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ