ប៊ុយ សុភ័ណ្ឌ៖ ថៃធ្លាប់ទទួលលទ្ធផលល្អនៅសុីហ្គេមទើបសហព័ន្ធបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅទីនោះ

ភ្នំពេញ៖ ខណៈដែលអត្តពលិកប្រដាល់សកល ៣រូបរបស់កម្ពុជាកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅប្រទេសថៃដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាខែក្រោយនោះ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបកស្រាយចម្ងល់មហាជនថា ហេតុអ្វីបានជាសហព័ន្ធសម្រេចបញ្ជូនកីឡាករប្រដាល់ទៅហ្វឹកហាត់នៅប្រទេសថៃបែបនេះ?
 លោកបានមានប្រសាសន៍ថា៖ «មូលហេតុជ្រើសរើសយកប្រទេសថៃជាកន្លែងហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់កីឡាករកម្ពុជានេះ ព្រោះប្រដាល់សកលរបស់ថៃធ្លាប់ទទួលបានលទ្ធផលល្អក្នុងការប្រកួតស៊ីហ្គេមកន្លងមក ហើយយើងក៏អត់មានសំភារៈហ្វឹកហាត់គ្រប់គ្រាន់ដែរ ខណៈការប្រកួតស៊ីហ្គេមជិតមកដល់ទៅហើយ»។ លោកបានបន្តថា៖ «កីឡាកររបស់យើងត្រូវហ្វឹកហាត់ និងប្រកួតសមឲ្យបានច្រើនតែបើនៅកម្ពុជាមិនសូវមានកីឡាករល្អៗហាត់សមជាមួយផងនោះធ្វើម៉េចឲ្យសមត្ថភាពកីឡាករយើងមានការរីកចម្រើនបានខ្លាំង? ហេតុនេះពេលពួកគាត់បានទៅហ្វឹកហាត់ និងប្រកួតសមជាមួយជម្រើសជាតិថៃនឹងធ្វើឲ្យសិទ្ធិផលរបស់ពួកគាត់កើនឡើងដល់កម្រិតមួយដែលអាចដណ្តើមបានមេដាយព្រោះកីឡាករទាំង ៣ ដែលយើងបម្រុងបញ្ជូនទៅហាត់នៅថៃនេះសុទ្ធតែជាកីឡាករមានសក្តានុពលអាចមានសង្ឃឹមដណ្តើមបានមេដាយនៅស៊ីហ្គេមលើកនេះ»។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលនេះយើងត្រូវហ្វឹកហាត់ផ្តោតខ្លាំងទៅលើបច្ចេកទេស កលល្បិច និងយុទ្ធសាស្ត្រប្រកួតឲ្យបានច្រើន ព្រោះនេះជាចំណុចសំខាន់ ដែលជួយឲ្យកីឡាកររបស់យើងអាចឈានទៅរកការឈ្នះបានមេដាយហើយខ្ញុំមានការជឿជាក់ថាពួកគេអាចនឹងដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេមលើកនេះ ពិសេសកីឡាករ ហ្វីលីក ព្រោះគេមានទម្ងន់ធ្ងន់ ៨១ គ.ក្រ ដែលអាចមានឱកាសច្រើនជាងអ្នកផ្សេងទៀត រីឯសមត្ថភាពរបស់គេក៏ល្អអាចទុកចិត្តបានដែរ»។

គួរបញ្ជាក់ផងដែរថា៖ «ភាគីថៃបានអនុញ្ញាតទទួលយកកីឡាករកម្ពុជាយើង ៣ នាក់ និងគ្រូបង្វឹកម្នាក់ឲ្យទៅហាត់ជាមួយក្រុមជម្រើសជាតិថៃដែលត្រៀមការប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ីដូចគ្នាដោយភាគីថៃជាអ្នករ៉ាប់រងការស្នាក់នៅ និងហូបចុកក្នុងអំឡុងពេលហាត់ ១ ខែនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ