AFC U-23៖ គ្រូជប៉ុនពេញចិត្តជ័យជម្នះ ២-០ ព្រោះកម្ពុជាខ្លាំងដូចការរំពឹងទុក

ភ្នំពេញ៖ ក្រោយរកបាន ៣ពិន្ទុបន្ថែម តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះ U-23កម្ពុជាកាលពីយប់មិញ លោក Uchiyama Atsushi គ្រូបង្វឹករបស់ក្រុម U-23ជប៉ុន បានពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះនេះ ដោយសារលោកយល់ថា កម្ពុជាគឺជាក្រុមមិនងាយស្រួលក្នុងការយកឈ្នះឡើយ ។
លោក Uchiyama បានបញ្ជាក់ថា៖ «ដូចខ្ញុំនិយាយមុនប្រកួតចឹង ការប្រកួតនេះពិតជាពិបាក ដែលមានផលលំបាកជាច្រើនក្នុងការដណ្ដើមជ័យជម្នះពីកម្ពុជា ។ យើងឃើញថា តង់ទី១ យើងពិបាកក្នុងការស្វែងរកគ្រាប់បាល់ ហើយតង់ទី២ យើងក៏មានឱកាសច្រើនដែរ តែយើងស៊ុតបានតែ ២គ្រាប់ ។ ខ្ញុំគិតថា កម្ពុជាគឺជាក្រុមួយរៀបចំបានល្អ ហើយក៏ជាក្រុមពិបាកយកឈ្នះមែនទែន ។ ដូច្នេះការឈ្នះ ២-០ ខ្ញុំរីករាយនឹងទទួលយក» ។
 គួរបញ្ជាក់ថា បន្ទាប់ពីយកបាន ៣ពិន្ទុពីកម្ពុជាយប់មិញ បានជួយជប៉ុនឲ្យបន្ដឈរកំពូលតារាង និងមាន ៦ពិន្ទុ ប៉ុន្ដែត្រូវប្រកួតចុងក្រោយជាមួយក្រុម U-23ចិន នៅថ្ងៃទី២៣ ខែកក្កដាស្អែក ខណៈចិន កំពុងឈរលេខរៀងទី២ និងមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ។ ចំណែកក្រុមម្ចាស់ផ្ទះ U-23កម្ពុជា ពេលនេះកំពុងឈរលេខរៀងទី៣ និងមាន ១ពិន្ទុ ហើយត្រូវចាំអ៊ុតជប៉ុន ប៉ះចិន ដើម្បីកំណត់ពីជោគវាសនារបស់ខ្លួនក្នុងការស្វែងរកកៅអីវគ្គបន្ដ មុននឹងជួបក្រុម U-23 ហ្វីលីពីន នាល្ងាចថ្ងៃស្អែកផងដែរ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ