លោកស្ដើង ជា ៖ទោះចាញ់នៅ ASEAN School Game តែអត្តពលិកវ័យក្មេងៗរីកចម្រើនបច្ចេកទេសល្អជាងមុន

ភ្នំពេញ៖ ក្រោយវិលត្រលប់ពីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា The 9th ASEAN School Games នៅប្រទេសិង្ហបូរី ដែលទើបតែបញ្ចប់កាលពីម្សិលមិញនោះ ក្រុមអត្តពលិករបស់កម្ពុជាចំនួន ៥២នាក់រួមជាប្រតិភូ និងថ្នាក់ដឹកនាំ បានមកដល់កម្ពុជាវិញហើយ ជាមួយនឹងការបរាជ័យទាំង ៥ ប្រភេទកីឡា គឺហែលទឹក អត្តពលម្ម វាយកូនបាល់ វាយសី និង កីឡាវាយកូនឃ្លីលើតុ ។

នៅក្នុងចំណោមប្រភេទកីឡាទាំង៥នោះ លោកស្ដើង ជា ដែលជាមន្ត្រីពេទ្យ និងជាមន្ត្រីរបស់សហព័ន្ធកីឡាវាយសីកម្ពុជា បានកោតសសើរដល់អត្តពលិកថ្នាលរបស់ខ្លួន ទាំង ៤រូប ដែលបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការប្រកួតដ៏ធំមួយនេះ បើទោះបីជាអត្តពលិកទាំងអស់ចាញ់ក៏ពិតមែន តែលោកបានមើលបានឃើញពីបច្ចេកទេស របស់ពួកគេពិតជាមានការរីកច្រើនខ្លាំងជាមុន ពោលគឺកីឡាវាយសីអាចឆ្លងផុតវគ្គជម្រុះដំបូងបាន។

លោកបានរំលឹកថា៖ «កាលពីឆ្នាំមុនសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនកីឡាករទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះម្ដងរួចទៅហើយនៅប្រទេសថៃ ដោយមិនទាន់បានលទ្ធផលល្អនោះទេ គឺចាញ់នៅវគ្គជម្រុះដំបូងទាំងអស់ ប៉ុន្តែនៅឆ្នាំ២០១៧ នេះយើងសង្កេតឃើញថា ក្រុមកីឡាកររបស់យើងមានការរីកចម្រើនបានមួយកម្រិត ផ្នែកវិញ្ញាវាយទោល អុីចឹងយើងអាចសន្និដ្ឋានបានថា រាល់ការប្រកួតមួយលើកៗអត្តពលិកនឹងរីកចម្រើនម្ដងមួយកម្រិតៗរហូតដល់ជោគជ័យនាថ្ងៃអនាគតជាពិសេស គឺការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។» ទោះបីយ៉ាងណាលោកក៏បានសង្កេតឃើញមានចំណុចខ្សោយជាច្រើនដែរ ដែលពួកគេត្រូវកែលម្អបន្ថែមទៀតសម្រាប់ការហ្វឹកហាត់នៅក្នុងស្រុក ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ