មឿន សុខហ៊ុច និង ឡុង ជិន ឡើងសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃ ខណៈពុទ្ធ សំបូរ ជួបរុស្សុីនៅ CNC

ភ្នំពេញ៖ លើសង្វៀន CNC នាយប់ថ្ងៃទី២២ ខែកក្កដាស្អែកនេះ អ្នកប្រដាល់ជើងថ្មីកម្ពុជាពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យត្រូវប្រកួតជាមួយអ្នកប្រដាល់រុស្ស៊ី Lytkin Vladimir ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ គេមិនបានដឹងថាតើអ្នកប្រដាល់រុស្ស៊ីរូបនេះខ្លាំងឬក៏ខ្សោយនោះទេតែសម្រាប់សំបូរ គឺជាខ្លាស្ទាវដែលកំពុងតែអង្រួនសង្វៀនប្រដាល់សម្បើមណាស់ ។ សំបូរទើបតែប្រកួតបាន ២៧ដងប៉ុណ្ណោះដែលក្នុងនោះឈ្នះ ២១ដង ចាញ់ ៣ដងស្មើពិន្ទុ ២ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១១ដងនេះជាកំណត់ត្រាប្រកួតដ៏អស្ចារ្យមួយ ។

ចំពោះអ្នកប្រដាល់រុស្សី Lytkin Vladimir វិញនោះគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេគេទើបតែប្រកួតបាន ១៥ដង ឈ្នះ ១០ដង ចាញ់ ៤ដង ស្មើពិន្ទុ ១ដង និង វាយគូប្រកួតឲ្យសន្លប់បាន ២ដង ។ សំបូរទំនងជាមានឱកាសឈ្នះច្រើនជាងហើយ ។

ចំណែក ឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Rongreunglek ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ឡុង ជិន ជាអ្នកប្រដាល់ដែលមានកលល្បិចវាយអស្ចារ្យណាស់ជាមួយនឹងជង្គង់រហ័សនោះកែងរបស់គេវាយចេញក៏បានលឿនដែរ ។ គេមានប្រវត្តិប្រកួតចំនួន ៤២ដង ឈ្នះ ៣២ដង ចាញ់ ៧ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យដួលសន្លប់បាន ៨ដង ។ ចំពោះអ្នកប្រដាល់ថៃ Rongreunglek វិញគេមានប្រវត្តិប្រកួតចំនួន ៨៤ដង ឈ្នះ ៦០ដង ចាញ់ ២១ដង ស្មើពិន្ទុ ៣ដង តែពុំធ្លាប់វាយគូប្រកួតឲ្យសន្លប់ឡើយ ។

គូសំខាន់មួយទៀតនោះគឺ មឿន សុខហ៊ុច ដែលមានប្រវត្តិប្រកួតចំនួន ១០៤ដង ឈ្នះ ៧៥ដង ចាញ់ ២៤ដងស្មើពិន្ទុ ៥ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១៥ដងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Neungtrakan ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ Neungtrakan គេមានប្រវត្តិប្រកួតចំនួន ១០៤ដងដែរ ដោយឈ្នះ ៨៦ដង ចាញ់ ១៣ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដងដូចគ្នា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ