មេប្រដាល់គុនខ្មែរស្នើសុំឲ្យទូរទស្សន៍ដំឡើងតម្លៃពលកម្មដល់មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម

ភ្នំពេញ៖ ប្រមុខប្រដាល់គុនខ្មែរលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានសំណូមពរដល់ស្ថានីយ៍ទូរទស្សន៍ឯកជននានាដែលរៀបចំកម្មវិធីប្រដាល់ឲ្យដំឡើងតម្លៃពលកម្មដល់មន្ត្រីបច្ចេកទេស និងកីឡាករប្រដាល់ដើម្បីរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ជីវភាពពួកគេផងដែរ ។ លោកបានលើកឡើងថា សម្រាប់អ្នកប្រដាល់មិនជាអ្វីទេព្រោះពេលនេះតម្លៃខ្លួនឡើងប្រកួតរបស់អ្នកប្រដាល់ជួនក៏ឡើងដល់ ៥០០ដុល្លារហើយពេលខ្លះដល់ ១.០០០ដុល្លារទៀតផង សូម្បីតែគូប្រកួតបើកឆាកក៏មានលុយតម្លៃខ្លួនអាចទទួលយកបានដែរតែប្រសិនបើគេប្រកួតឈ្នះរហូតហើយបានក្លាយជាគូឯក ឬ គូពិសេសនោះតម្លៃខ្លួនឡើងប្រកួតរបស់គេក៏ឡើងទៅតាមនោះដែរ ។

ប៉ុន្តែខណៈដែលលុយប្រកួតរបស់អ្នកប្រដាល់មានតម្លៃខ្ពស់ជាលំដាប់នោះ មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមបែរជាមិនបានឡើងទៅវិញ ។ លោកបញ្ជាក់ថាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមពេលខ្លះត្រូវទស្សនិកជនជេរប្រមាថ ឬយកដបទឹកសុទ្ធគប់ក៏មានដែរក៏ពួកគាត់នៅតែអត់ធ្មត់បំពេញការងារដោយមិនមាត់មិន ក ដដែល ។ ( លោក ឡុ​ង សាល​វ័​ន្ត ៖ ធ្វើ​អាជ្ញាកណ្តាល​ និងចៅក្រម​ប្រដាល់​សព្វថ្ងៃ​បាន​ត្រឹម​មួយរស់ៗ- Khmerload​)

គួរបញ្ជាក់ថា ជារៀងរាល់សប្ដាហ៍ស្ថានីយ៍ដែលមានការប្រកួតប្រដាល់រួមមាន៖ បាយ័នមាន ៤សង្វៀន, អាស៊ីអាគ្នេយ៍មាន ៤សង្វៀន, CBS (My-TV,CNC, CTN) មាន ៤សង្វៀន, ប៉ុស្ដិ៍លេខ៥ មាន ១សង្វៀន និង PNN មាន ១សង្វៀន ។ ក្នុងជំនួបជាមួយតំណាងស្ថានីយ៍ទូរទស្សន៍ទាំង ៥កាលពីពេលថ្មីៗនេះលោកឧត្តមសេនីយ៍តែម ម៉ឺនបានលើកសំណើនេះតែគ្មានទូរទស្សន៍ណាមួយបញ្ចេញយោបល់លើបញ្ហានេះឡើយ ដូច្នេះចាំមើលតើខាងទូរទស្សន៍អាចមានចម្លើយជាវិជ្ជមាន ឬក៏មិនឆ្លើយតបទេចំពោះសំណើរនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ