AFC U-23៖ តើកម្ពុជា មានលទ្ធភាពយក ៣ពិន្ទុពីជប៉ុនបានទេល្ងាចនេះ?

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U-23ជប៉ុន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លើទីលានពហុកីឡដ្ឋានជាតិ នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ពូលJ ។ ក្រុម U-23កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រជាតិ និងអន្ដរជាតិភ្ញាក់ផ្អើលរួចមកហើយ តាមរយៈការទប់ទល់ស្មើចិន ០-០ កាលពីម្សិលម្ងៃ ។
ប៉ុន្ដែល្ងាចនេះ រឹតតែធ្ងន់ធ្ងរចំពោះក្រុមម្ចាស់ផ្ទះកម្ពុជា ដែលត្រូវប្រឈមមុខជាមួយជប៉ុន ដែលទើបបង្ហាញភាពខ្លាំង ក្រោយបំបាក់ហ្វីលីពីន ៨-០ ។ តាមការប៉ាន់ស្មានសមត្ថភាពកម្ពុជា និងហ្វីលីពីន គេមើលឃើញថា កម្ពុជាទំនងក៏មិនមែនជាដៃគូក្នុងការដណ្ដើមយក ៣ពិន្ទុពីជប៉ុនដែរ ។ ប៉ុន្ដែផ្ទុយពីទស្សនៈរបស់អ្នកគាំទ្រ លោក Leonardo Vitorino គ្រូបង្វឹក U23កម្ពុជា មិនញញើតជប៉ុនឡើយ ។
 មិនតែប៉ុណ្ណោះ លោកនៅមានជំនឿចិត្តខ្ពស់ នៅក្នុងការស្វែងរកជ័យជម្នះលើក្រុមជើងខ្លាំងប្រចាំតំបន់អាស៊ីនេះទៀតផង ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីប្រកួតស្មើចិន កាលពីថ្ងៃពុធកន្លងទៅ ។
 ដូច្នេះចាំមើល តើក្រុមគោព្រៃកម្ពុជា អាចធ្វើល្អដូចកាលជួបក្រុមយក្សចិន ដើម្បីប្រជែង ៣ពិន្ទុពីក្រុមខ្លាំងជប៉ុនបានដែរ ឬក៏យ៉ាងណា? ថ្ងៃនេះដែរ មុនឈានដល់ការប្រកួតដ៏កក្រើកនេះ ក្រុមក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន នឹងត្រូវជួបក្រុម U-23ហ្វីលីពីន នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយការប្រកួតទាំង ២គូ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ