ចប់ហើយ! កម្ពុជាធ្លាក់ពី AFF U-15 ក្រោយចាញ់ U-15ម៉ាឡេសុី ៤-២ មុននេះបន្ដិច

ភ្នំពេញ៖ ក្ដីសង្ឃឹមឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Championship របស់ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំជម្រើសជាតិកម្ពុជា បានរលាយបាត់ទៅហើយ បន្ទាប់ពីត្រូវក្រុមយុវជន U-15ម៉ាឡេស៊ី លត់យ៉ាងចាស់ដៃ ជាមួយនឹងលទ្ធផល ៤-២ នាជំនួបកាត់សេចក្ដីក្នុងពូលB នៅកីឡដ្ឋាន Chonburi ប្រទេសថៃមុននេះបន្ដិច ។
គួរបញ្ជាក់ថា ក្រុម U-15កម្ពុជា បានបញ្ចប់ការប្រកួត ដោយឈរលេខរៀងទី៣ និងមាន ៦ពិន្ទុក្នុងដៃ ជាមួយនឹងលទ្ធផល ៥ប្រកួតឈ្នះ២ និងចាញ់៣ ក្នុងនោះមានឈ្នះក្រុម U-15ហ្វីលីពីន ៤-០ និងឈ្នះ U-15ទីម័រខាងកើត ១-០ ហើយចាញ់ក្រុមកំពូលតារាង U-15វៀតណាម ២-១, ចាញ់ U-15ប្រ៊ុយណេ ២-០ និងចុងក្រោយចាញ់ក្រុម U-15ម៉ាឡេស៊ី ៤-២ មុននេះ ។
តាមរយៈលទ្ធផលខាងលើនេះដែរ គេបានរកឃើញក្រុមឡើងវគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះពូលA មានក្រុមម្ចាស់ផ្ទះ U-15ថៃឈរកំពូលតារាង និងក្រុម U-15អូស្ដ្រាលី ឈរលេខរៀងទី២ ខណៈពូលB ក្រុម U-15វៀតណាមឈរកំពូលតារាង និងក្រុម U-15ម៉ាឡេស៊ីឈរលេខរៀងទី២ ។ ចំពោះកម្មវិធីវគ្គខ្វែង គឺថៃ ត្រូវជួបម៉ាឡេស៊ី និងវៀតណាម ប៉ះអូស្រ្ដាលី នៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ