KRE-League៖ បាយ័ន សងសឹកនាគខៀវឡើងវគ្គផ្ដាច់ព្រ័ត្រ បង្កក្ដីបារម្ភធំដល់ Khmer United

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់អាជីពចម្រុះ Khmer Real Estate League 2017 បានរកឃើញក្រុមដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រហើយ រួមមានក្រុម Khmer United និងក្រុមបាយ័ន បន្ទាប់ពីក្រុមទាំងពីរ បានផ្ដួលគូប្រជែងរៀងៗខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីល្ងាចមិញ ពិសេសគឺក្រុមកីឡាករបរទេសបាយ័ន ដែលបានវាយបកឈ្នះក្រុមនាគខៀវ(Blue Dragon) ធ្វើឲ្យបេក្ខភាពគូប្រជែងវគ្គផ្ដាច់ព្រ័ត្រក្រុម Khmer United មានការព្រួយបារម្ភទៀតផង ។
សម្រាប់លទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើទីលានសាកលវិទ្យាល័យភូមិន្ទុភ្នំពេញកាលពីម្សិលមិញ ក្រុម Khmer United ដែលដឹកនាំដោយលោក គីម ហ៊ាង ស្ថាបនិកបង្កើតពានខាងលើ បានទម្លាក់ក្រុមនិស្ស័យ ដោយលទ្ធផល ៤-០ ខណៈកាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុក្រុមម្ចាស់ពាននេះបានយកឈ្នះ ៣-១ ។ តែអ្វីដែលមិននឹកស្មាន គឺក្រុមបាយ័ន ដែលធ្លាប់ចាញ់ក្រុមនាគខៀវ ៣-១ កាលពីវគ្គសន្សំពិន្ទុ បែរជាអាចសងសឹកបានវិញ ដោយយកឈ្នះ ១-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។
លោក ឌួង ធារិទ្ធ គ្រូជំនួយ និងជាកីឡាករក្រុម Khmer United ផងនោះ បានសម្ដែងក្ដីត្រេក ចំពោះការឈានទៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ។ តែយ៉ាងណាលោកក៏បានសម្ដែងការខកបំណង ចំពោះការមិនបានជួបក្រុមខ្លួនចង់ជួបនៅវគ្គផ្ដាច់ព្រ័ត្រផងដែរ ពោលគឺក្រុម Khmer United ចង់ជួបក្រុម Blue Dragon ជាងជួបក្រុមបាយ័ន ។ លោកថា ការជួបក្រុមបាយ័ន គឺជាបញ្ហាធំសម្រាប់ក្រុមខ្លួន ព្រោះបាយ័ន ប្រើកីឡាករបរទេសស្ទើរទាំងអស់ ខណៈ Khmer United ភាគច្រើនជាកីឡាករខ្មែរ ។
លោកបានលើកឡើងថា៖ «វាជាបញ្ហាធំ ដែលក្រុមយើង(Khmer United) ត្រូវជួបក្រុមបាយ័ននៅវគ្គផ្ដាច់ព្រ័ត្រ ព្រោះបាយ័ន ប្រើកីឡាករបរទេស ដែលមានកាយសម្បទា និងបច្ចេកទេសលេងល្អ ហើយថែមទាំងមាននាំចូលកីឡាករអាជីពពីក្លឹបលីគកំពូលស៊ីម៉ាក់ទៀតផង ។ រីឯកីឡាករ Khmer United មានមាឌតូចជាង តែយ៉ាងណាយើងនៅតែសង្ឃឹម ៦០% ទៅ ៧០% ក្នុងការគ្រងតំណែងជើងឯក ព្រោះក្រុមយើងក៏បានបន្ថែមកីឡាករអាជីពម្នាក់ និងកីឡាករបរទេសម្នាក់ បូករួមទាំងការប្ដេជ្ញាចិត្តរបស់សមាជិកក្រុមទាំងអស់ផងដែរ» ។
គួរបញ្ជាក់ថា មុននឹងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២២ ខែកក្កដាចុងសប្ដាហ៍នេះ ក្រុម Khmer United និងក្រុមបាយ័ន គឺធ្លាប់ជួបគ្នាក្នុងវគ្គសន្សំពិន្ទុម្ដងរួចមកហើយ ដែលបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ។ ម្យ៉ាងវិញទៀត ទន្ទឹមនឹងការរកឃើញបេក្ខភាពគូប្រជែងវគ្គផ្ដាច់ព្រ័ត្រ គេក៏បានរកឃើញបេក្ខភាពត្រូវប្រជែងពានរង្វាន់ The Top-5 ប្រចាំព្រឹត្តិការណ៍នេះផងដែរ គឺក្រុមខេត្តកំពង់ចាម បានយកឈ្នះក្រុមណារីតា ៦-២ ឡើងទៅជួបក្រុម V.Train ដែលបានយកឈ្នះក្រុម Avatar ដោយលទ្ធផល ៣-០ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ