ASEAN School Games: វាយកូនឃ្លីលើតុអាចលើកទង់ជ័យស ត្រលប់មកម្ពុជាវិញ ខណៈភាគរយឈ្នះតិចបំផុត

ភ្នំពេញ៖ ប្រភេទកីឡាវាយកូនឃ្លីលើតុកម្ពុជាអាចនឹងត្រលប់មកវិញជាមួយនឹងភាពបរាជ័យនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដែលមានឈ្មោះថា The 9th ASEAN School Games នៅប្រទេសសិង្ហបុរី ខណៈដែលក្នុងការប្រកួតកាលពីព្រឹកមិញនេះវិញ្ញាសាក្រុមកុមារា បានចាញ់ក្រុមមកពីប្រទេសម៉ាឡេស៊ី ០-៣ រីឯក្រុមកុមារីចាញ់ក្រុមហ្វីលីពីន ០-៣ ដូចគ្នា។ នេះបើយោងតាម page facebook របស់អគ្គនាយកដ្ឋានកីឡា។
ជាមួយគ្នានេះដែរ បើតាមអតីតគ្រូបង្វឹកចាស់ៗមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបានសន្និដ្ឋានថាលទ្ធផលមិនល្អអាចនឹងកើតឡើង បន្ទាប់ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានផ្លាស់ប្ដូរ គណៈកម្មការប្រតិបត្តិថ្មីដែលត្រូវគេមើលមកមិនសូវជាទំនងដោយប្ដូរទាំងអគ្គលេខាធិការ គ្រូបង្វឹក រួមជាមួយនឹង សមាជិកមួយចំនួនផ្សេងទៀត ដែលមិនមានជំនាញខាងកីឡាវាយកូនឃ្លីលើតុឡើយ ។ ប្រភពដដែលបានបន្តថា កាលពីជំនាន់មិនទាន់បានផ្លាស់ប្ដូរគ្រូបង្វឹក ប្រភេទកីឡាមួយនេះធ្លាប់បានឈ្នះមេដាយសំរិទ្ធគ្រឿងពីព្រឹត្តិការណ៍ ASEAN School Games នេះម្ដងរួចមកហើយ ។
 
 សម្រាប់ឆ្នាំនេះវិញភាគរយដែលឈ្នះមេដាយនោះមានតិចតួចណាស់ព្រោះការហ្វឹកហាត់របស់ពួកគេពីមុន និងឥឡូវមានបច្ចេកទេសខុសគ្នាដែលមិនសូវជាល្អឡើយ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០១៦កន្លងទៅនេះសហព័ន្ធកីឡាវាយកូនឃ្លើលើតុកម្ពុជាដែលមានលោករត្ន័ សុខន ជាប្រធានសហព័ន្ធនោះបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនឃ្លើលើតុជើងឯកអាស៊ីអាគ្នេយ៍ដោយមាន ៦ប្រទេសចូលរួមប្រជែងយកមេដាយ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជាបានធ្លាក់តាំងតែពីវគ្គជម្រុះជុំដំបូងនៃការប្រកួតម្ល៉េះ សូម្បីតែមេដាយសំរិទ្ធ ១គ្រឿងលើវិញ្ញាសាណាក៏ក្រុមកម្ពុជាមិនអាចរកបានមកជូនជាតិដែរ។ ដូច្នេះ តើការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីនេះ អាចមានលទ្ធផលល្អដែលទេ? បើអគ្គលេខាធិការសហព័ន្ធ និងសមាជិកមួយចំនួនមិនចេះពីក្បួនច្បាប់ផងនោះ?”។
 
សូមបញ្ជាក់ថា មុននឹងចេញទៅប្រកួត The 9th ASEAN School Games នៅសិង្ហបុរីនោះតំណាងសហព័ន្ធ អគ្គលេខាធិការ រួមជាមួយនឹង គ្រូបង្វឹកសុទ្ធតែមានជំនឿចិត្តខ្ពស់ថា អត្តពលិករបស់ខ្លួនអាចឈ្នះមេដាយមកជូនជាតិបានដោយសង្ឃឹមខ្ពស់ទៅលើកីឡាករ ២រូប ខណៈដែលកីឡាការិនី ៣រូបផ្សេងទៀតមិនសូវមានសង្ឃឹមឈ្នះឡើយព្រោះបទពិសោធន៍របស់ពួកគេនៅស្ទើរនៅឡើយ ។ ឯលោក សំ បូរ័ត្ន គ្រូបង្វឹកជម្រើសជាតិថ្នាល របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ផងដែរថា លោកមានសង្ឃឹមខ្ពស់ចំពោះកីឡាករផ្នែកវាយគូដែលអាចដណ្តើមបានមេដាយ ដោយលើកមើលឃើញថាបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានដូចជាមិនលើសខ្លាំងលើសកម្ពុជាឡើយ។
កាលណោះលោកបានបញ្ចាក់ថា៖ «ការហ្វឹកហាត់កន្លងមកនេះ ក្រុមកីឡាករ-កីឡាការិនីរបស់យើងមានការរីកចម្រើនលើផ្នែកបច្ចេកទេសគួរឲ្យកត់សម្គាល់ ហើយក្នុងការប្រកួតនេះខ្ញុំសង្ឃឹមលើកីឡាករដែលលេងលើវិញ្ញាសាវាយគូដែលអាចឈ្នះមេដាយបាន។ បើពិនិត្យមើលបច្ចេកទេសបណ្តាប្រទេសនានាក្នុងតំបន់មិនលើសកម្ពុជាយើងច្រើនពេកទេ ប៉ុន្តែ ៣ប្រទេសដែលខ្លាំងៗ គឺថៃ វៀតណាម និងម្ចាស់ផ្ទះសិង្ហបុរី។ » ដូច្នះ រង់ចាំមើលការប្រកួតរបស់អត្តពលិកវាយកូនឃ្លើលើតុកម្ពុជាផ្សេងៗមួយចំនួនទៀត ថាតើអាចដណ្ដើមមេដាយមកជូនជាតិក្នុងព្រឹត្តិការណ៍នេះបានដែរឬទេ ?។
គួររំលឹកផងដែរថា អគ្គលេខាធិការរបស់សហព័ន្ធកញ្ញាតៃ លីដា បានផ្ដល់បទសម្ភាន៍ឱ្យក្រុមសារព័ត៌មាន មុនក្រុមអត្តពលិកចេញទៅប្រកួតថា គ្រប់ការជ្រើសរើសអត្តពលិករបស់ខ្លួនចេញទៅប្រកួតចាប់ពីពេលនេះតទៅគឺសហព័ន្ធរបស់ខ្លួនបានសម្រិតសម្រាំងតែលើកីឡាករ កីឡាការិនីណា ដែលមានសមត្ថភាពពិតប្រាកដ និងត្រូវបានជ្រើសរើសចេញពីការប្រកួតជើងឯកថ្នាក់ជាតិជាដើមដោយបញ្ឈប់នូវវប្បធម៌ការជ្រើសរើសបក្សពួកនិយម តាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាគោលាករណ៍របស់សហ័ន្ធដែរ ដើម្បីសម្រួចគោលដៅ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 9th ASEAN School Games នៅប្រទេសសិង្ហបុរីឆ្នាំ២០១៧នេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី គ្រូបង្វឹក មន្ត្រីដឹកនាំ សរុបចំនួន ៥២នាក់ លើ ៥ប្រភេទកីឡាគឺ វាយកូនឃ្លីលើតុ, អត្តពលកម្ម, ហែលទឹក, វាយកូនបាល់ និងវាយសី ៕
 អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ