អនុប្រធានចំបាប់ ឧបត្ថម្ភថវិកា និងសំភារៈដល់សហព័ន្ធប្រដាល់សកល ១៨៥០ដុល្លារ

ភ្នំពេញ៖ មុនពេលដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជូនអត្តពលិករបស់ខ្លួន ៣រូប ឡើងឡានក្រុងចេញទៅធ្វើការហ្វឹកហាត់នៅប្រទេសថៃរយៈពេលវែងនោះ លោក Casey Barnett ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកសាលា Cam Ed បានឧបត្ថម្ភសំភារៈ និងថវិកាមួយ ចំនួនដែលមានតម្លៃសរុប ១៨៥០ដុល្លារដើម្បីជាការលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងដើម្បីដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាខែក្រោយនេះ។
លោក Casey Barnett បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងដែលបានចូលរួមជួយដល់ប្រភេទកីឡាប្រដាល់សកលកម្ពុជា ដោយសារតែខ្ញុំចូលចិត្តវិស័យកីឡានេះ ខណៈដែលបច្ចប្បន្ននេះខ្ញុំគឺជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ ហើយសព្វថ្ងៃ ខ្ញុំឃើញប្រភេទកីឡាប្រដាល់មួយនេះមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ចឹងខ្ញុំចង់ឃើញប្រដាល់រីកចម្រើនខ្លាំងដូចកីឡាចំបាប់ដែរ។» លោកបានបន្តថា៖ «ការរួមចំណែកនេះគឺជាការលើកទឹកចិត្តដ៏សំខាន់ដល់ការហ្វឹកហាត់របស់ពួកគេ ដើម្បីជំរុញឲ្យប្រភេទកីឡាប្រដាល់សកលរបស់កម្ពុជាមានរីកចម្រើន និងមាននិរន្តរភាព។»
ជាមួយគ្នានេះលោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការថ្មីនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា៖ «នេះជាការហ្វឹកហាត់មួយដែលមានឈ្មោះថា “Training Camp” ដែលទទួលបានឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ីដោយភាគីថៃគ្រាន់តែផ្តល់ទីកន្លែងហ្វឹកហាត់ប៉ុណ្ណោះ។ ការហ្វឹកហាត់រួមគ្នានេះធ្វើឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ទី១៤ ខែសីហា នៅបណ្ឌិតសភាប្រដាល់សកលថៃ “Thailand Boxing Academy” ជាមួយនឹងការហ្វឹកហាត់នេះដែរ សហព័ន្ធចង់ឃើញការផ្លាស់ប្តូរបច្ចេកទេស និងពង្រឹងសិទ្ធិផលរបស់កីឡាករប្រទេសនីមួយៗ មុនចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេសគឺការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីដែលនឹងចាប់ផ្ដើមនាខែសីហា ខាងមុខនេះតែម្តង ។»
 
 លោកបានបន្ថែមថា៖ «ហើយការហ្វឹកហាត់រួមគ្នានេះនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កីឡាករដែលចូលរួមហ្វឹកហាត់ ទាំងកម្រិតបច្ចេកទេស និងចិត្តសាស្រ្តរបស់កីឡាករ ។» គួរបញ្ជាក់ផងដែរថា សហព័ន្ធបានធ្វើការបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករចំនួន ០៣រូប ទៅហ្វឹកហាត់រួមមាន លោក វ៉ែន សុផល ជាគ្រូបង្វឹក, កីឡាករ ណាត សៀកនិន ប្រភេទទម្ងន់ ៥៦ គ.ក្រ, កីឡាករ ផល សុភ័ណ្ឌ ប្រភេទទម្ងន់ ៦៤ គ.ក្រ និងកីឡាករ ហ្វីលីក ប្រភេទទម្ងន់ ៨១គ.ក្រ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ