អ្នកជំនាញគុនដាវ ឃីម សាមាន ត្រៀមប្រជែងចំណាត់ថ្នាក់ជើងឯកពិភពលោកនៅអាល្លឺម៉ង់ដ៏

ភ្នំពេញ៖ ក្នុងរយៈកាលហ្វឹកហាត់ជាមួយកីឡាករបរទេសនៅតំបន់អឺរ៉ុបរយៈពេលជាង ១០ថ្ងៃនៅប្រទេសអាល្លឺម៉ង់ដ៏នោះ អ្នកជំនាញគុនដាវរបស់កម្ពុជាគឺកីឡាករ ឃឹម សាមាន បានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងក្នុងគោលដៅរកភាពជោគជ័យទាំងព្រឹត្តិការណ៍ជើងឯកពិភពលោក និងស៊ីហ្គេមនៅខែក្រោយនេះ។  
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានមានប្រសាសន៍នាព្រឹកមិញនេះថា៖ «ការហ្វឹកហាត់បោះជំរុំនេះ គឺទទួលបានការឧបត្ថម្ភពីសហព័ន្ធកីឡាគុនដាវអន្ដរជាតិដែលជាការហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមចំណាត់ថ្នាក់ជើងឯកពិភពលោកពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។» លោកបានបន្ថែមថា៖ «នេះមិនត្រឹមតែជាការប្រកួតកម្ដៅសាច់ដុំត្រៀមស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីខែក្រោយ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកួតដ៏ធំមួយដែលយើងត្រូវប្រជែងយកចំណាត់ថ្នាក់ ឬរក្សាចំណាត់ថ្នាក់ក្នុងតារាងពិភពលោកដើម្បីបានសិទ្ធិទៅប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ផងដែរ។»
លោកបន្តថា៖ «វាជាការប្រកួតដណ្ដើមចំណាត់ថ្នាក់ដើម្បីចូលរួមអូឡាំពិក និងរក្សាចំណាត់ថ្នាក់ព្រោះសហព័ន្ធអន្ដរជាតិបានបង្កើតចំណាត់ថ្នាក់ផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈ ក្នុងគេហទំព័ររបស់គេ ហើយជាគោលការណ៍អ្នកដែលអាចចូលរួមក្នុងកីឡាអូឡាំពិកបានលុះត្រាតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដែលគេបានកំណត់។ បន្ទាប់មកនៅឆ្នាំអូឡាំពិក (២០២០) គេនឹងផ្ដល់ឱកាសម្ដងទៀតសម្រាប់អ្នកដែលមិនជាប់ទៅប្រកួតដណ្ដើមសិទ្ធិដោយចំនួននៃការចូលរួមនឹងត្រូវផ្លាស់ប្ដូរតាមឆ្នាំដូចជាឆ្នាំ២០១២ និង២០១៦ ចំនួនកីឡាករ-កីឡាការិនីគុនដាវដែលអាចចូលរួមអូឡាំពិកបានសរុបមានតែ ២១២នាក់តែប៉ុណ្ណោះដោយមានប្រុស ១០២នាក់ ស្រី ១០២នាក់ និងម្ចាស់ផ្ទះ ៨នាក់ ហើយបើតាមតារាងចំណាត់ថ្នាក់របស់ពិភពលោកក្នុងដើមឆ្នាំនេះ គឹកីឡាករ ឃឹម សាមាន នៅឈរក្នុងលេខរៀងទី៦៤៧ ដូច្នេះគោលដៅរបស់ពួកយើងគឺត្រូវធ្វើឱ្យបានល្អជាងនេះ ដោយយើងចង់បានលេខរៀងមកត្រឹមចន្លោះពី ១៥០ ដល់ ៣០០នេះជាគោលដៅទីមួយ ។ គោលដៅទីពីរសម្រាប់ការចូលរួមលើកនេះ យើងចង់ឃើញពីភាពប្រែប្រួល ឬការរីកចម្រើនរបស់កីឡាកររូបនេះដើម្បីកែប្រែកម្មវិធីហ្វឹកហាត់ចុងក្រោយមុនការប្រកួតស៊ីហ្គេម ។ គោលដៅទី៣ យើងនឹងសិក្សាអំពីការរៀបចំខ្លួនរបស់កីឡាកររូបនេះ និងការត្រៀមហ្វឹកហាត់សម្រាប់ក្ដីសុបិន្ដរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា គឺការចូលរួមកីឡាអូឡាំពិក២០២០ យ៉ាងអន់ណាស់ក៏យើងសង្ឃឹមថាពួកយើងនឹងទទួលបានសិទ្ធិចូលរួមផ្លូវការព្រោះសម្រាប់គុនដាវគ្មានសិទ្ធិពិសេស ឬភាសាអង់គ្លេសហៅថា WildCard សម្រាប់ចូលរួមអូឡាំពិកហ្គេមនោះឡើយ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ