២ គូសំខាន់ៗ នឹងប្រកួតគ្នាលើសង្វៀនថ្មីមួយរបស់​ CNC ដែលទើបបង្កើត

ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែកក្កដានេះ ក្រុមហ៊ុន CBS ដែលគ្រប់គ្រងលើស្ថានីយ៍ទូរទស្សន៍ចំនួន ៣គឺ CTN, CNC និង My TV នោះបានបង្កើតសង្វៀនប្រដាល់មួយទៀតនៅស្ថានីយ៍ CNC ដែលការប្រកួតចាប់ពីម៉ោង១១ ថ្ងៃត្រង់ទៅ ។ សង្វៀនថ្មីនេះបានទទួលការឧបត្ថម្ភដោយក្រុមហ៊ុន ISI ។ សម្រាប់ថ្ងៃទី១៦ ខែកក្កដាដែលជាថ្ងៃបើកសង្វៀនដំបូងនេះនឹងមានអ្នកប្រដាល់ល្បីៗកម្ពុជាចំនួន ២រូបត្រៀមខ្លួនតស៊ូជាមួយអ្នកប្រដាល់ខ្លាំងៗឆ្លងដែនមកពីប្រទេសថៃ ។

ក្នុងនោះកីឡាករ ពៅ សក្តិសិទ្ធ មកពីក្លិបតាព្រហ្មមានជ័យ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Fameang Korn Sit Pansak ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ។ ទោះបីជា សក្តិសិទ្ធ មានវ័យច្រើនបន្តិចក្តីប៉ុន្តែគេនៅតែវាយបានល្អនៅឡើយពិសេសកម្លាំងរបស់គេនៅអាចតស៊ូបានពេញទាំង ៥ទឹកដោយគ្មានបញ្ហាឡើយ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៨៣ដង ឈ្នះ ៤៩ដង ចាញ់ ២៨ដង ស្មើពិន្ទុ ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។ ចំពោះអ្នកប្រដាល់ថៃ Fameang Korn Sit Pansak វិញគេឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរដែរតែគេពុំធ្លាប់ជួបប្រកួតជាមួយសក្តិសិទ្ធនោះទេ យ៉ាងណាក៏ដោយ កែង និងជង្គង់របស់គេមិនអន់ជាង សក្តិសិទ្ធ ឡើយពិសេសកណ្ដាប់ដៃគេរហ័ស និងកម្លាំងគេក៏អស្ចារ្យទៀតផង ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៧០ដង ចាញ់ ២០ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។ មិនដឹងថានរណាគ្រាន់បើជាងនរណានោះទេ ។

មួយគូទៀតនោះគឺ កីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Faipa Pele Buriram ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ ចំរើនដែលមានប្រវត្តិប្រកួតចំនួន ៩៣ដង ឈ្នះ ៨១ដង ចាញ់ ១០ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់ ២៤ដងនោះចូលចិត្តវាយសង្គ្រប់លើគូប្រកួតមុនណាស់តែបន្ទាប់ពីគូប្រកួតសង្គ្រប់មកវិញនោះគេហាក់ដូចជារារែកចិត្ត និងបាត់បង់ភាពក្លាហានតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះខ្សោយពោះណាស់បើគេដាល់ឬអុកចំពោះតែ២-៣ ជង្គង់ក៏សន្លប់បាត់ទៅហើយ ។ ចំពោះអ្នកប្រដាល់ថៃ Faipa Pele Buriram វិញមានប្រវត្តិប្រកួតចំនួន ៨៥ដង ឈ្នះ ៦៥ដង ចាញ់ ១៧ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៨ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ