វាយកូនបាល់សង្ឃឹមថានឹងឈ្នះមេដាយកម្រិតខ្ពស់ជាងមេដាយសំរិទ្ធនៅសុីហ្គេមឆ្នាំនេះ

ភ្នំពេញ៖ ក្រោយពីបានឈ្នះមេដាយសំរិទ្ធនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣លើកជាប់គ្នាតាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៥ មកនោះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញជំនឿចិត្តខ្ពស់ថា អត្តពលិករបស់ខ្លួននឹងអាចប្រជែងយកមេដាយឲ្យលើសកម្រិតមេដាយសំរិទ្ធក្នុងគោលដៅបង្ហាញភាពខ្លាំងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាខែក្រោយនេះ ។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាគ្រូបង្វឹក លោកជា ពៅ បានឱ្យដឹងបានថា៖ «មួយរយៈពេលចុងក្រោយនេះ ខ្ញុំមើលឃើញថា កម្រិតលេងរបស់កីឡាករ កីឡាការិនីរបស់ខ្ញុំមានការឡើងនូវកំណត់ត្រាល្អទាំងក្រុមធំ និងក្រុមយុវជន គឺកើនជាងឆ្នាំមុនៗ ហើយយើងក៏មានមោទនភាពចំពោះកីឡាការិនីជាកូនកាត់ខ្មែរ-អាមេរិក កា អង់ ដ្រេដារ៉ាវី ផងដែរ ដែលគាត់មានចំណាត់ថ្នាក់ ៥៦០ ក្នុងពិភពលោក ខណៈការចេញទៅប្រកួតស៊ីហ្គេមកន្លងមកគាត់មិនទាន់មានចំណាត់ថ្នាក់ក្នុងពិភពលោកទេ»។ លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា កីឡាករ កីឡាការិនីរបស់ខ្ញុំ និងដណ្តើមបានមេដាយច្រើនជាងមុន ហើយអាចបំបែកនូវកំណត់ត្រាលើសពីការឈ្នះមេដាយសំរឹទ្ធ សម្រាប់ស៊ីហ្គេមលើកនេះផងដែរ ព្រោះខ្ញុំមានការជឿជាក់ទៅលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ពួកគាត់»។

ជាមួយគ្នានេះ លោកបានរំលឹកថា៖ «ចាប់តាំងពីចូលរួមប្រកួតស៊ីហ្គេមពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ យើងឈ្នះបានមេដាយសំរឹទ្ធរហូតគឺនៅឆ្នាំ២០០៧ ឆ្នាំ ២០០៩ និងឆ្នាំ២០១៥ យើងឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសា ១ នាក់ទល់ ១ នាក់ដូចគ្នា ហើយឆ្នាំ២០០៩ យើងឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាជាក្រុមបុរស ប៉ុន្តែការប្រកួតស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា គេមិនបានដាក់ប្រភេទកីឡាវាយកូនបាល់ចូលនោះទេ ។ ក្នុងនាមជាគ្រូ ខ្ញុំពិតជាមានមោទកភាព នៅពេលឃើញអត្តពលិកខំប្រឹង និងមានការប្តេជ្ញាចិត្តខ្ពស់បែបនេះ ព្រោះការប្តេជ្ញាចិត្ត នឹងជំរុញឲ្យពួកគេកាន់តែមានការប្រឹងប្រែងក្នុងការប្រកួត ខណៈរយៈពេល ២ ឆ្នាំនេះយើងបានខំប្រឹងធ្វើការងារទាំងអស់គ្នា ហើយយើងមានសង្ឃឹមច្រើនបើទោះបីជាយើងមិនទាន់ហ៊ានបញ្ជាក់ឲ្យច្បាស់ថាយើងនឹងឈ្នះបានមេដាយកម្រិតអីក៏ដោយ»។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដាក់អត្តពលិករបស់ខ្លួន ចំនួន ៨នាក់ ទៅប្រកួតស៊ីហ្គេម នៅម៉ាឡេស៊ី ខាងមុខនេះ ដោយក្នុងនោះ មានកីឡាករប៊ុន កេន្នី, ឡុង សំណាង, ម៉ម ផល្គុណ, គីម ឌែលតុនសុផាន់ណា, ឱ សារិទ្ធ កីឡាការិនី កា អង់ ដ្រេ ដារ៉ាវី, សម ចិន្តា និងកីឡាការិនី ហូរ ស្រីពៅ ដោយអ្នកទាំងនេះសុទ្ធប្រកួតបាន ២ វិញ្ញាសាដូចគ្នា ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ