ម៉ន សាម៉េត ជួបអង់គ្លេសចំណែកឯ ចាន់ សុីណាត ត្រូវជម្រះបញ្ជីចាស់ជាមួយ ភូន សាវ៉ាត

ភ្នំពេញ៖ នៅលើសង្វៀនហ្គេនស្ប៊ើកនាយប់ថ្ងៃទី១៥ ខែកក្កដា ខាងមុខអ្នកប្រដាល់កម្ពុជាម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥ នៃកងទ័ពជើងគោកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អង់គ្លេសឡាយ អិន (LION) ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ស្បែក ស រូបនេះធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរ ខណៈដែលរូបគេកំពុងហ្វឹកហាត់នៅស្រុកថៃ ។ អ្នកប្រដាល់មកពីអឺរុបបែបនេះមិនសូវជាខ្លាំងទេតែបើមានខ្លាំងមួយៗវិញនោះគឺមិនមាននរណាអាចទប់ទល់ជាមួយគេបាននោះទេ ។ ចំពោះ សាម៉េត មានប្រវត្តិប្រកួតចំនួន ១២៧ដង ឈ្នះ ៩៧ដង ចាញ់ ២៦ដងនិងស្មើពិន្ទុ ៤ដង ។ រូបគេជាអ្នកប្រដាល់ដែលមានកលល្បិចវ៉ៃល្អតែគេមានចិត្តឆេវឆាវ និងចូលចិត្តវាយបន្ថែមលើគូប្រកួតណាស់ ប៉ុន្តែឆាប់ស្រុតចុះកម្លាំងបន្តិច ។

 

ចំពោះអ្នកប្រដាល់ ឡាយ អិន វិញមានប្រវត្តិប្រកួតចំនួន ៥០ដង ឈ្នះ ៤៨ដង ចាញ់ ២ដងប៉ុណ្ណោះ ។ គេមិនបានដឹងថាអ្នកប្រដាល់អង់គ្លេសរូបនេះមានកលល្បិចវ៉ៃយ៉ាងណានោះទេតែស្ថិតិវ៉ៃរបស់គេបង្ហាញថាគេវ៉ៃមិនអន់នោះឡើយ ដូច្នេះ ចាំមើលម៉ន សាម៉េត និង អ្នកប្រដាល់អង់គ្លេសឡាយ អិននរណាមានសមត្ថភាពជាងនរណា ?

មួយគូទៀតនោះគឺ កីឡាករ ចាន់ ស៊ីណា មកពីក្លិបនិរោធន៍មានជ័យត្រូវជួបជាមួយអ្នកប្រដាល់ថៃភូន សាវ៉ាត (Phoun Sawath) ដើម្បីជម្រះបញ្ជីបន្ទាប់ពីប្រកួតបានស្មើគ្នានៅក្នុងការប្រកួតចុងក្រោយមកនោះ ។ គួរបញ្ចាក់ថាស៊ីណាតមិនធ្លាប់មានប្រវត្តិឈ្នះភូន សាវ៉ាត ឡើយគឺមានតែម្ដងប៉ុណ្ណោះដែលគេប្រកួតបានស្មើគ្នាដោយពិន្ទុនោះ ។ ស៊ីណាតមានប្រវត្តិប្រកួតចំនួន ៨៨ដង ឈ្នះ ៧៤ដង ចាញ់ ១១ដង និងស្មើពិន្ទុ ៣ដង ។ ចំពោះអ្នកប្រដាល់ថៃភូន សាវ៉ាត វិញមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ ៧៣ដង និងចាញ់ ៧ដង ។ សម្រាប់ជំនួបលើកនេះមិនដឹងថាជ័យជម្នះជារបស់ចាន់ ស៊ីណាត ឬ ភូន សាវ៉ាតនោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ