កោះពេជ្រជាទីតាំងទី៤ ដែល NOCC កំពុងពិចារណាសម្រាប់កីឡាសុីហ្គេម ២០២៣

ភ្នំពេញ៖ ទីតាំងដែលកម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នោះ ត្រូវបានកំណត់យក ៣ទីតាំងហើយដោយ ១ទីតាំងទៀត គឺមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ជាគម្រោងទី៤ ដែលក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងពិចារណានៅឡើយ ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍នាពេលកន្លងមកថា ប្រសិនបើមិនមានការកែប្រែទីតាំងនោះទេមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ នឹងត្រូវជ្រើសរើសធ្វើជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈព្រោះមានអគារសម្រាប់ជួលធ្វើជាកន្លែងប្រកួតកីឡាក្នុងសាលដូចជាប្រដាល់ និងតេក្វាន់ដូ ជាដើម ។​ លោកបានលើកឡើងពីបទពិសោធន៍កាលប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឡាវកន្លងមកថា៖ «ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់បម្រើដល់ការប្រកួតកីឡាស៊ីហ្គេមមិនគ្រប់គ្រាន់ដូចយើងដែរ ដូច្នេះគេបានជួលទីតាំងណាមួយដែលអាចបម្រើដល់ការប្រកួតកីឡាក្នុងសាលបាន ។»

ចំណែកឯទីតាំង ៣កន្លែងទៀតដែល កម្ពុជាបានធ្វើការកំណត់រួចរាល់នោះ មានដូចជាទី១- ពហុកីឡដ្ឋានមរតកតេជោដែលជាកន្លែងសំខាន់ជាងគេសម្រាប់ធ្វើពិធីបើក និងពិធីបិទព្រោះពហុកីឡដ្ឋានដែលកំពុងសាងសង់នេះមានលក្ខណៈទំនើបជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានកន្លែងប្រកួតកីឡាស្ទើរតែគ្រប់ប្រភេទដូចជាបាល់ទាត់ បាល់ទះ បាល់បោះ និងហែលទឹកជាដើម ។ ទី២– ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអាចធ្វើជាកន្លែងសម្រាប់ប្រកួតកីឡាប្រហាក់ប្រហែលនឹងពហុកីឡដ្ឋានមរតកតេជោដែរ ដោយសព្វថ្ងៃក្រសួងអប់រំ យុវជន និងកីឡា កំពុងតែស្ទុះស្ទាយ៉ាងខ្លាំងក្នុងការបំពាក់សំភារៈដល់ពហុកីឡដ្ឋានដ៏ចំណាស់មួយនេះដូចជាកៅអីជ័រល្អ និងអំពូលភ្លើងដែលអាចបម្រើឱ្យការប្រកួតនៅពេលយប់បាន ប៉ុន្តែទីតាំងទាំង ២កន្លែងនេះសម្រាប់បម្រើដល់ការប្រកួតកីឡាក្នុងសាល និងលើគោកតែប៉ុណ្ណោះ។ ចំណែកឯទីតាំងទី៣ គឺខេត្តកំពត និងខេត្តកែបដែលមានឆ្នេរសមុទ្រសម្រាប់ធ្វើជាកន្លែងសម្រាប់ប្រកួតកីឡាលើទឹកដូចជាម៉ូតូទឹក ទូកក្ដោង ទូកកានូ ទូកកាយ៉ាក់ ។ល។

ទីតាំងទាំង ៤នេះត្រូវបានកម្ពុជាជឿជាក់ថាអាចនឹងល្អប្រសើរជាងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឡាវព្រោះកម្ពុជាមានទីតាំងប្រកួតច្រើនជាងជាពិសេសយើងមានឆ្នេរសមុទ្រដែលអាចបម្រើដល់ការប្រកួតកីឡាលើទឹកបាន ។ ចំពោះកីឡាដែលត្រៀមដាក់ឱ្យប្រកួតនៅពេលនោះមានចាប់ពី ៣០ ដល់ ៣៥ប្រភេទប៉ុន្តែពេលនេះអាជ្ញាធរកីឡាកំពុងតែធ្វើកំណែទម្រង់លើគ្រប់ប្រភេទកីឡាទាំងនោះធ្វើយ៉ាងណាឱ្យប្រភេទកីឡាទាំងនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ