កីឡាករ-កីឡាការិនីវ៉ូវីណាម ១៣នាក់ទៅហាត់នៅវៀតណាមត្រៀមចូលរួមប្រកួតជើងឯកពិភពលោក

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះក្រុមកីឡាវ៉ូវីណាមកម្ពុជា ១៣រូបរួមជាមួយគ្រូបង្វឹកមួយរូបបានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយដើម្បីហ្វឹកហាត់នៅទីនោះរយៈពេល ២០ថ្ងៃក្នុងដំណាក់កាលត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងលោកឧកញ៉ារ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមកជូនដំណើរកីឡាករកីឡាការិនីដល់ពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ ។

លោកទេព ជីវសុខុម ដែលជាគ្រូបង្វឹក និងជាអ្នកដឹកនាំកីឡាករទៅហាត់នៅប្រទេសវៀតណាមនោះបានឲ្យដឹងថាកីឡាករកីឡាការិនីទាំង ១៣រូបនោះមានកីឡាករចំនួន ៨រូប និងកីឡាការិនីចំនួន ៥រូប ។ នៅក្នុងឱកាសនោះដែរ លោកអ៊ុក សិទ្ធិជាតិ បានផ្ដាំផ្ញើថាការចេញទៅហ្វឹកហាត់នេះគឺត្រូវចេះស្រឡាញ់គ្នាដូចពាក្យស្លោកខ្មែរមួយឃ្លាពោលថា «នៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយ» ហើយត្រូវខិតខំហ្វឹកហាត់ដើម្បីសម្រេចជោគជ័យឲ្យបាននៅក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌានាពេលខាងមុខ។

ជាមួយគ្នានេះ លោកឧកញ៉ារ័ត្ន សុខន មានជំនឿចិត្តថាក្នុងការប្រកួតជើងឯកឥភពលោកកម្ពុជានឹងដណ្ដើមបានមេដាយជាមិនខាន។ គួរបញ្ជាក់ថាកីឡាករទិន ភាព ដែលគេស្គាល់ជាទូទៅថាសែន រ៉ាឌី នោះធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោកមួយគ្រឿងរួចមកហើយនាពេលកន្លងមក ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ