ប្រធានសហព័ន្ធប្រដាល់គុនខ្មែររឹតបន្តឹងលើកីឡាករជម្រើស SEA Games ទាំង ៥ នាក់

ភ្នំពេញ៖  SEA Games លើកទី២៩ កាន់តែជិតឈានមកដល់ហើយៗនេះក៏ជាលើកដំបូងដែរដែលកម្ពុជាបញ្ជូនកីឡាប្រដាល់គុនខ្មែរទៅចូលរួមប្រកួតនោះ ។ ជាមួយនឹងការបញ្ជូនទៅចូលរួមប្រកួតនេះលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានប្រកាសជួបជាមួយអ្នកប្រដាល់គុនខ្មែរទាំង ៥រូបចាប់ពីសប្ដាហ៍នេះទៅ ។ ក្នុងជំនួបដំបូងនៅព្រឹកថ្ងៃទី១០ ខែកក្កដាលោកប្រធានសហព័ន្ធបានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់សារជាតិលើកកម្លាំង (Doping) ដែលគេហាមមិនឲ្យប្រើដាច់ខាតនៅក្នុងកីឡា និងការរក្សាទម្ងន់ឲ្យខាងតែបាន ។

អ្នកប្រដាល់ជម្រើសជាតិទាំង ៥រូបដែលត្រៀមចេញទៅប្រកួតនោះមានដូចជា៖ ម៉ឺន សុភា ទម្ងន់៧១ គីឡូក្រាម, មឿន សុខហ៊ុច ទម្ងន់ ៦៥គីឡូក្រាម វ៉ាន់ វឿន ទម្ងន់ ៦០គីឡូក្រាម, ឡៅ ចិត្រា ទម្ងន់ ៥៧គីឡូក្រាម និង ឃឹម ឌីម៉ា វាយក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ សូមបញ្ជាក់ដែរថា កីឡាករជម្រើសជាតិទាំងអស់បានទទួលប្រាក់បៀវត្សរ៍ប្រចាំខែពីក្រសួងអប់រំយុវជន និងកីឡាក្នុង ១ ខែម្នាក់ជាង ១លាន៨០ម៉ឺន ហើយក្នុងអំឡុងពេលហ្វឹកហាត់កាន់តែខ្លាំងត្រៀមស៊ីហ្គេមនេះលោកប្រធានសហព័ន្ធបានរៀបចំឲ្យពួកគេស្នាក់នៅ និងបរិភោគអាហាររួមគ្នាដោយសហព័ន្ធមិនប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេទេ ពោលគឺសហព័ន្ធសម្រេចចិត្តចំនាយថ្លៃហូបចុកដល់ពួកគេក្នុងម្នាក់ៗ ១៥០ដុល្លារបន្ថែមទៀត ។

ជាមួយគ្នានឹងការផ្ដល់របបហូបចុកនេះលោកប្រធានសហព័ន្ធបានព្រមានថារាល់ការឈឺថ្កាត់គឺមិនអនុញ្ញាតឲ្យទៅទិញថ្នាំពីក្រៅ ឬពេទ្យពីក្រៅព្យាបាលឡើយគឺត្រូវពិនិត្យដោយពេទ្យរបស់សហព័ន្ធ និងរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ជាមួយគ្នានេះលោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរប្រកាសថាចាប់ពីដើមសប្ដាហ៍ទី១ នៃខែសីហាតទៅអ្នកប្រដាល់ជម្រើសជាតិទាំង ៥ រូបលែងឲ្យគេចាប់គូឡើងប្រកួតនៅតាមស្ថាននីយ៍ទូរទស្សន៍នានាទៀតហើយគឺត្រូវរក្សាសុខភាពបង្កើនការហ្វឹកហាត់ និងដើម្បីកុំឲ្យមានរបួសជាយថាហេតុ ។ លោកជឹម ផល្លាដែលជាគ្រូពេទ្យរបស់សហព័ន្ធប្រដាល់ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះបានអះអាងថាលោកបានធ្វើតេស្តទឹកនោមលើអ្នកប្រដាល់ទាំង ៥ រូបនេះរួចរាល់ហើយដោយពួកគេគ្មានសារធាតុលើកកម្លាំងក្នុងខ្លួនដែលគេហាមឃាត់ក្នុងវិស័យកីឡាឡើយ ៕

អត្ថបទ៖

មតិយោបល់

Sponsor

អត្ថបទថ្មីៗ