AFF U-15៖ កម្ពុជា ប៉ះវៀតណាមរសៀលនេះ ខណៈ ថៃផ្ដួលអូស្រ្ដាលីឈរកំពូលតារាង

ភ្នំពេញ៖ ក្រុមយុវជន U-15 ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតបើកឆាកពូលB ពានរង្វាន់ AFF U-15 Championships 2017 ជាមួយក្រុមខ្លាំង U-15វៀតណាម នាវេលាម៉ោង ៤រសៀលនេះ នៅកីឡដ្ឋាន Chonburi Campus ប្រទេសថៃ គ្រាដែលកាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះ U-15ថៃ បានយកឈ្នះក្រុមកីឡាករមាឌធំអូស្ដ្រាលី ដោយលទ្ធផល ២-១ ដើម្បីឈរកំពូលតារាងពូលA ។   សម្រាប់ការប្រកួតរបស់ក្រុម U-15កម្ពុជារសៀលនេះ គឺពុំមានទូរទស្សន៍ក្នុងស្រុកណាមួយធ្វើការផ្សាយបន្ដផ្ទាល់ឡើយ ។ ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់លើ Page Facebook ផ្លូវការរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានទស្សនា ។ យ៉ាងណាមិញក្រៅពី U-15កម្ពុជា ប៉ះ U-15វៀតណាម ក៏មាន ២គូផ្សេងទៀត ជាការប្រកួតបើកឆាកពូលB ផងដែរ រួមមានក្រុម U-15ទីម័រខាងកើត ប៉ះក្រុមយុវជនប្រ៊ុយណេ និងក្រុម U-15ហ្វីលីពីន ជួបក្រុមយុវជនម៉ាឡេស៊ី ។

ដោយឡែកកាលពីម្សិលមិញ ដែលជាការប្រកួតថ្ងៃដំបូង នៅក្នុងពូលA គឺបានបញ្ចប់ការប្រកួតសន្សំពិន្ទុ ៣ប្រកួតរួចមកហើយ ក្នុងនោះក្រុមម្ចាស់ផ្ទះ U-15ថៃ បានយកឈ្នះក្រុមយុវជនអូស្ដ្រាលី ២-១ ដើម្បីទទួលបាន ៣ពិន្ទុឈរកំពូលតារាង ស្រពេលក្រុម U-15ឡាវ បានយកឈ្នះក្រុមយុវជនសិង្ហបុរី ដោយលទ្ធផល ២-០ ដើម្បីទទួលបាន ៣ពិន្ទុពេញដូចគ្នា ។ លើកលែងតែក្រុម U-15មីយ៉ាន់ម៉ា ប៉ះក្រុម U-15ឥណ្ឌូនេស៊ី ដែលរកបានត្រឹម ១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើគ្នា ២-២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ