យ៉ាប់ហើយ! U-22កម្ពុជា ស្ថិតក្នុងពូលជាមួយម្ចាស់មេដាយថៃ និងវៀតណាមនៅស៊ីហ្គេម

ភ្នំពេញ៖ លទ្ធផលចាប់ពូលប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផ្នែកបាល់ទាត់បុរសក្រោមអាយុ ២២ឆ្នាំ បានចេញជាផ្លូវការហើយ ដោយក្រុមជម្រើសជាតិយុវជន U-22 កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម ៥ប្រទេសផ្សេងទៀត ពិសេសគឺក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៥ និងក្រុមខ្លាំងថៃវៀតណាម ។
នេះបើតាមយោងតាមការជូនដំណឹងលើ Page ផ្លូវការរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ ។ ថៃ និងវៀតណាម គឺជាក្រុមខ្លាំងក្នុងតំបន់ ហើយក្រុមទាំងពីរ ក៏មានប្រៀបក្នុងការប្រជែងកៅអីវគ្គបន្ដផងដែរ ដែលធ្វើឲ្យក្រុម U-22កម្ពុជា អាចនឹងជួបការលំបាកខ្លះ សម្រាប់បេសកកម្មដ៏សំខាន់មួយនេះ ។ ក្រៅពីថៃ និងវៀតណាម ក្រុម U-22កម្ពុជា នៅមានគូប្រជែង ៣ក្រុមទៀត រួមមានក្រុម U-22ឥណ្ឌូនេស៊ី និងហ្វីលីពីន ក៏ជាក្រុមមិនធម្មតា និងក្រុមទីម័រខាងកើត ។
រីឯពូលA វិញ រួមមានម្ចាស់ផ្ទះ U-22 ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ, ព្រុយណេ និងសិង្ហបុរី ។ ចាំមើលតើក្រុមណាខ្លះ នឹងប្រជែងបានកៅអីវគ្គបន្ដពីព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ? គួរបញ្ជាក់ថា ដោយសារការប្រកួតកីឡាបាល់ទាត់ប្រើរយៈពេលយូជាងគេ កីឡាដ៏មានប្រជាប្រិយភាពនេះនឹងធ្វើការប្រកួតជម្រុះមុនគេ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើទីលានចំនួន ៣ធំៗ គឺពហុកីឡដ្ឋានជាតិម៉ាឡេស៊ី National Stadium Bukit Jalil, កីឡដ្ឋាន Shah Alam Stadium និងកីឡដ្ឋាន Selayang Stadium ដែលសុទ្ធតែអាចផ្ទុកអ្នកគាំទ្របានច្រើនម៉ឺននាក់ឯណោះ ៕
  អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ