ក្រុមទ្រីយ៉ាងត្លុងកម្ពុជា ទៅត្រាំពឹសនៅកែបត្រៀមសុីហ្គេមខែក្រោយ

ភ្នំពេញ៖ លោកងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងនឹងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួនទៅហ្វឹកហាត់នៅខេត្តកែបមុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ឈានចូលមកដល់ ។ ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលលំបាកនឹងដណ្ដើមបានមេដាយណាស់ព្រោះជាប្រភេទកីឡាដែលមានវិញ្ញាសាចំនួន ៣ បញ្ចូលគឺហែលទឹកចម្ងាយ ១,៥០គីឡូម៉ែត្រ ប្រណាំងកង់ ៤០គីឡូម៉ែត្រ និងរត់ ១០គីឡូម៉ែត្រភ្លាមៗបន្ទាប់ពីមកដល់ទីភ្លាមៗនោះ ។

នេះជាការធ្វើតេស្តចុងក្រោយដើម្បីពិនិត្យមើលលើគុណផល (Perfomance) របស់គេដើម្បីឲ្យគ្រូបង្វឹកធ្វើការកែលម្អ ឬបន្ថែមបច្ចេកទេស ឬ បន្ថែមកម្លាំងដល់ពួកគេ ។ លោកបន្តថាការដែលលោកជ្រើសរើសយកខេត្តកែបជាកន្លែងសម្រាប់ហ្វឹកហាត់ និង ធ្វើតេស្តចុងក្រោយនេះដោយសារតែទីនោះផ្លូវរត់ និង ផ្លូវសម្រាប់ប្រណាំងកង់ និងរត់នៅជាប់សមុទ្រហើយស្ថានភាពចរាចរនៅក្នុងខេត្តនេះក៏មិនមមាញឹកទៀតផង។ម្យ៉ាងទៀតនេះក៏ជាការផ្លាស់ប្ដូរបរិយាកាសហ្វឹកហាត់ទៀតផង ។

សម្រាប់ស៊ីហ្គេមលើកទី២៩នេះកម្ពុជានឹងបញ្ជូនកីឡាករទ្រីយ៉ាត្លុង ២រូបទៅចូលរួមប្រកួត ។ កម្ពុជាមិនបញ្ជូនកីឡាការិនីទៅចូលរួមប្រកួតឡើយព្រោះកីឡាការិនីកម្ពុជានៅមានកម្រិតទាមនៅឡើយមិនអាចប្រៀបធៀបជាមួយនឹងប្រទេសជិតខាងបានឡើយ ។សម្រាប់កីឡាករគេអាចលេងបានប្រដំប្រសងគ្នា ។ នេះជាលើកទី២ ហើយដែលកម្ពុជាបញ្ជូនកីឡាករទ្រីយ៉ាត្លុងទៅចូលរួមក្នុងព្រត្តិការណ៍ស៊ីហ្គេម ដោយកាលពីឆ្នាំ២០១៥ កម្ពុជាបានបញ្ជូនទៅចូលរួមម្ដងហើយដោយបានចំណាត់ថ្នាក់លេខ ៥ ។ ប្រទេសដែលខ្លាំងជាងគេលើប្រភេទកីឡានេះគឺហ្វីលីពីន ។ ដោយឡែកនៅស៊ីហ្គេមទី២៨ នៅសិង្ហបូរីហ្វីលីពីនដណ្ដើមបានមេដាយមាសទាំងបុរស-នារីតែម្ដង ។ ហ្វីលីពីនមានកីឡាករ-កីឡាការិនីរបស់គេសុទ្ធតែហ្វឹកហាត់នៅប្រទេសអូស្ត្រាលីអញ្ចឹងហើយទើបពួកគេខ្លាំងបែបនេះ ចំពោះប្រទេសសិង្ហបូរី ម៉ាឡេស៊ី ថៃក៏ខ្លាំងដែរ ខណៈដែលប្រទេសវៀតណាម ឡាវ ប្រ៊ុយណេ និងទីម័រខាងកើតមិនមានប្រភេទកីឡានេះឡើយ ។ លោកងិន សុបញ្ញាធ្វើការកត់សម្គាល់ថាកាលស៊ីហ្គេមទី២៨ អ្នកដែលដណ្ដើមបានមេដាយមាសគេធ្វើក្នុងថិរវេលា១ម៉ោង ១១នាទី ចំពោះកម្ពុជាធ្វើក្នុងថិរវេលា១ម៉ោង២៣នាទីឯណោះ តែឆ្នាំនេះកម្ពុជាធ្វើបានល្អជាងលើកមុនឯ ប្រទេសគេយើងមិនទាន់ដឹងនៅឡើយទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ