My TV បើកសង្វៀនប្រដាល់ថ្មីផ្តើមដោយព្រឹត្តិការណ៍ Ganzberg Uber Fighters

ភ្នំពេញ៖ ក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងលើបណ្ដាញទូរទស្សន៍ចំនួន៣ នៅកម្ពុជាគឺ CTN, CNC និង My TV នោះបានសម្រេចបើកឲ្យមានកម្មវិធីប្រកួតប្រដាល់គុនខ្មែរបន្ថែមទៀត ខណៈដែលសព្វថ្ងៃមានតែនៅសា្ថនីយ៍ទូរទស្សន៍ CNC ប៉ុណ្ណោះដែលមានសង្វៀនប្រដាល់គឺសង្វៀនយប់ថ្ងៃសៅរ៍ និងសង្វៀនសម្រាប់រសៀលថ្ងៃអាទិត្យ ។

 

តាមការប្រកាសជាផ្លូវការចាប់ពីថ្ងៃទី៧ ខែកក្កដាតទៅស្ថានីយ៍ទូរទស្សន៍ My TV នឹងបង្កើតសង្វៀនប្រដាល់មួយដែលចាប់ផ្ដើមប្រកួតចាប់ពីម៉ោង ៨ ដល់ម៉ោង ១០យប់ ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរហ្គេនស្ប៊ើក និងត្រូវបានប្រសិទ្ធិនាមថា Ganzberg Uber Fighters ។ លោកគង់ ចំរើនរដ្ឋា នាយកផ្នែកលក់របស់ក្រុមហ៊ុន CBS បានថ្លែងនៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី៦  ខែកក្កដាថា កម្មវិធីប្រដាល់គឺជារឿងថ្មីរបស់ My TV ហើយព្រឹត្តិការណ៍ Ganzberg Uber Fighters នេះនឹងមានកម្មវិធីពិសេសដោយរៀងរាល់សប្ដាហ៍ទី៤ នៃខែនីមួយៗនឹងមានការប្រកួតដណ្ដើមប្រាក់លានប្រចាំខែដោយអ្នកឈ្នះនឹងបានទទួលរង្វាន់ ៤.០០០.០០០រៀល ឬ ១.០០០ដុល្លារចំណែកឯអ្នកចាញ់ទទួលបាន ៣០០ដុល្លារ ដូច្នេះវាជាឱកាសសម្រាប់ឲ្យអ្នកប្រដាល់កម្ពុជាទទួលបានប្រយោជន៍ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសមត្ថភាពកាន់តែខ្ពស់ថែមទៀត ។

លោកFanz Josef Brune ដែលជាតំណាងស្រាបៀរហ្គេនស្ប៊ើកបានលើកឡើងដែរថា ហ្គេនស្ប៊ើកនឹងចំណាយទឹកប្រាក់ ៥.០០០.០០០ដុល្លារដើម្បីគាំទ្រវិស័យគុនខ្មែរ ។ ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសំណូមពរឲ្យក្លិប សមាគមប្រដាល់ទូទាំងប្រទេសបណ្ដុះបណ្ដាលអ្នកប្រដាល់ឲ្យមានសមត្ថភាពល្អដើម្បីឲ្យគេមានឱកាសដើម្បីប្រកួតលើសង្វៀន ព្រោះជាធម្មតា ក្នុងវិស័យកីឡាឲ្យតែមានការប្រកួតគឺល្អ ហើយបើល្អគេនឹងបង្កើនចំណូលសម្រាប់ជីវភាពរបស់គេតាមរយៈការប្រកួតនេះ ។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃបើកឆាកដំបូងនេះមានការប្រកួតចំនួន ៤គូដែលជាការប្រកួតរវាងអ្នកប្រដាល់ជាតិចំនួន២គូគឺផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យប្រកួតជាមួយផៃ គឹមហៀត មកពីក្លិបគីសែមានរិទ្ធដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ កីឡាករសេក គឹមចា មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយឡុង វ៉ៃ មកពីក្លិបសាលវ័ន្ដកីឡាដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ សម្រាប់ ២គូទៀតគឺជាការប្រកួតគ្នារវាងអ្នកប្រដាល់កម្ពុជាជាមួយអ្នកប្រដាល់ថៃ ដោយកីឡាករ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន ៥៧ដង ឈ្នះ ៣៨ដង ចាញ់ ១៨ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kongmethy Sit Pumpeun ។ អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ គួរបញ្ជាក់ដែរថា Kongmethy ដែលហ្វឹកហាត់នៅក្លិប Sit Pumpeun នោះគេមានគ្រូបង្វឹកឈ្មោះ Pumpeun Kietmunthet ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ១០៦ដង ឈ្នះ ៨២ដង ចាញ់ ២១ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់ ១១ដង ។ Kongmethy គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់បង្ក្រាបអ្នកប្រដាល់កម្ពុជាបានមិនតិចនាក់ឡើយ។ ដោយឡែក ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Phithnoy Peak Carcare នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ កែវដាមានប្រវត្តិប្រកួតចំនួន ៣៦ដង ឈ្នះ ២៨ដង ចាញ់ ៨ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៤ដង ។ ចំពោះ Phithnoy វិញគេមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ ៥៤ដង ចាញ់ ១១ដង ស្មើពិន្ទុ ៣ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ