សហព័ន្ធប្រដាល់សកលអាសុីសន្យាជួយកីឡាការិនីកម្ពុជាត្រៀមប្រកួតជើងឯកទ្វីបអាសុីនៅចុងឆ្នាំនេះ

ថៃ៖ ក្នុងជំនួបទស្សនកិច្ចក្នុងព្រឹត្តិការណ៍ 2017 ASBC Asian Confederation Youth Boxing នៅប្រទេសថៃនាពេលកន្លងមកបាននាំមកនូវផ្លែផ្កាជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា ខណៈដែលសហព័ន្ធប្រដាល់សកលអាសុីបានសន្យាជួយពង្រឹងសមត្ថភាពកីឡាការិនីកម្ពុជា យ៉ាងពេញទំហឹងក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតជើងឯកទ្វីបអាសុី នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ពីប្រទេសថៃមុននេះថា៖ «ក្នុងកិច្ចពិភាក្សានោះ យើងបានស្នើសុំសហព័ន្ធកីឡាប្រដាល់សកលអាសុីជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាប្រដាល់សកលកម្ពុជាក្នុងការចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិលើកក្រោយៗទៀត ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលអាសុី ។» លោកបានបន្ថែមថា៖ «ជាការឆ្លើយតបសហព័ន្ធកីឡាប្រដាល់សកលអាសុីបានជំរុញលើកទឹកចិត្តឲ្យក្រុមកីឡាការិនីកម្ពុជាចូលរួមការប្រកួត “2017 ASBC Asian Confederation Women’s Elite Boxing Championships” ដែលនឹងរៀបចំនៅខែវិច្ឆិកា ខាងមុខនេះ ដោយសហព័ន្ធកីឡាប្រដាល់សកលអាសុីសន្យាឧបត្ថម្ភសម្ភារៈប្រកួតសម្រាប់កីឡាការិនីកម្ពុជា និងការចំណាយផ្សេងៗទៀតផងដែរ។ »

លោកបន្តថា៖ «ម្យ៉ាងវិញទៀតសហព័ន្ធកីឡាប្រដាល់សកលអាសុីសន្យាបន្តជួយគាំទ្រ និងឧបត្ថម្ភក្រុមកីឡាប្រដាល់សកលកម្ពុជា ក្នុងការចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានាសម្រាប់ឆ្នាំ២០១៧នេះ ក៏ដូចជាឆ្នាំ២០១៨ ខាងមុខ ។ ទន្ទឹមនឹងនេះ សហព័ន្ធប្រដាល់សកលអាសុីក៏បានកោតសរសើរចំពោះស្មារតីមុះមុត និងផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលមានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍន៍កីឡាប្រដាល់សកលនៅកម្ពុជា ខណៈដែលថ្នាក់ដឹកនាំកីឡាប្រដាល់សកលកម្ពុជាក៏នឹងពិភាក្សាជាមួយភាគីថៃ និងភាគីអាហ្វហ្គានីស្ថាន (Afghanistan) លើ​ការចុះ​អនុស្សារណៈ​យោគយល់​ (MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដើម្បីរួមគ្នាអភិវឌ្ឍកីឡាប្រដាល់សកលនៅក្នុងប្រទេសរបស់ខ្លួនថែមទៀតផង ៕


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ