ពានរង្វាន់សម្ដេចពញាចក្រី ហេង សំរិន លើកទី១ មានប្រាក់រង្វាន់សរុបជាង ១មុឺនដុល្លារ!

ភ្នំពេញ៖ លោក ថុល នាង ប្រធានមន្ទីរការងារខេត្តកណ្ដាល និងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា នឹងរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «សម្ដេចមហាពញាចក្រី ហេង សំរិន» លើកដំបូងនៅចុងខែកក្កដានេះ ខណៈមានប្រាក់រង្វាន់សរុបដល់ទៅជាង ១ម៉ឺនដុល្លារឯណោះ ។

យោងតាមមន្ដ្រីក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលនឹងផ្ដល់ទីលានសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ បានឲ្យដឹងថា តាមគម្រោងការប្រកួតនេះចាប់ផ្ដើមចុងខែកក្កដានេះ តែមិនទាន់ច្បាស់ ១០០%នោះទេ ។ ប៉ុន្ដែបច្ចុប្បន្នគណៈកម្មការទទួលពាក្យក្រុមចុះឈ្មោះចូលរួមហើយ ដោយគ្រោងនឹងបិទការទទួលពាក្យនៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ហើយក្រុមចុះឈ្មោះនីមួយៗត្រូវបង់សិទ្ធិចូលរួម ៦៥០ដុល្លារ ។
ប្រភពដដែលបន្ដថា ការចូលរួមទៀតសោត គឺពុំអនុញ្ញាតឲ្យក្រុមនីមួយៗ នាំចូលកីឡាករលេងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៦-២០១៧, កីឡាករលីគលំដាប់ទី២ ឬកីឡាករបរទេសចូលរួមឡើយ ពោលគឺអនុញ្ញាតត្រឹមកីឡាករមិនអាជីព ដែលជាបុគ្គលិកក្រុមហ៊ុន មន្ដ្រីតាមក្រសួង ឬស្ថាប័ន និងសាធារណៈជន ដែលចាប់អារម្មណ៍ ហើយកំណត់យកត្រឹម ២០ក្រុមប៉ុណ្ណោះ ។


ប៉ុន្ដែអ្វីដែលពិសេស ការប្រកាសត្រៀមរៀបចំពានកម្រិតមិនអាជីព ដណ្ដើមពានរង្វាន់សម្ដេចមហាពញាចក្រី ហេង សំរិន លើកទី១នេះ នឹងមានប្រាក់រង្វាន់ដ៏ច្រើន ក្នុងនោះក្រុមដណ្ដើមបានជើងឯកលេខ១ ទទួលបានពាន មេដាយមាស អមដោយប្រាក់រង្វាន់ ៦ពាន់ដុល្លារ, លេខ២ ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៣ពាន់ដុល្លារ និងលេខ៣ ទទួលបានមេដាយកសំរឹទ្ធ និងប្រាក់រង្វាន់ ១,៥០០ដុល្លារ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ