សុឹម វណ្ណដេត សាកល្បងជាមួយខ្លាចាស់ រ៉េ ដា

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជាសុឹម វណ្ណដេត មកពីក្លិបនិរោធន៍មានជ័យបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ជើងខ្លាំងថៃឈ្មោះ រ៉េ ដា (Re Da)លើសង្វៀនខារ៉ាបាវរបស់ទូរទស្សន៍អាសុីគ្នេយ៍នៅរសៀលថ្ងៃទី៨ ខែកក្កដាខាងមុខ ។ នេះជាការប្រកួតមួយដែលគេលំបាកនឹងសន្និដ្ឋានជាមុនថាតើនរណានឹងឈ្នះណាស់ ព្រោះទោះបីជាមានអាយុច្រើនក៏ដោយក៏ រ៉េ ដា នៅតែជាកីឡាករដែលខ្លាំងមិនតែប៉ុណ្ណោះមានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់វ័យចំណាស់ថៃរូបនេះបង្ក្រាបបាន ។ តាមពិតអ្នកប្រដាល់ថៃរូបនេះមានកលល្បិចវាយល្អតែកម្លាំងគេមិនជាខ្លាំងឡើយ ។ គេមានភាពអស្ចារ្យមួយគឺចេះវាយដោយរក្សាកម្លាំង និងចេះប្រើល្បិចលួចកម្លាំងគូប្រកួតដើម្បីផ្ដួលគូប្រកួតវិញ ។ គេវាយតាមរបៀបមនុស្សចាស់គឺវាយដោយមិនកម្រោលតែបើគូប្រកួតចាប់ផ្ដើមស្រុតកម្លាំង ឬមានឱកាសនោះគេនឹងវាយផ្ដាច់ភ្លាមតែម្តង ។

ចំពោះវណ្ណដេត វិញមួយរយៈនេះការប្រកួតរបស់គេជាមួយអ្នកប្រដាល់បរទេសគេតែងតែបានទទួលជ័យជម្នះជានិច្ច ។ កែង ជង្គង់ និងកណ្ដាប់ដៃគឺជាអាវុធដែលវណ្ណដេត ចូលចិត្តប្រើតែកែងរបស់គេកន្លងមកវាយចេញមិនសូវមានប្រសិទ្ធិភាពឡើយ ។ ចាំមើលតើ អ្នកប្រដាល់ជំនាន់ថ្មីកម្ពុជាសុឹម វណ្ណដេត អាចផ្ដួលអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា បានដែរឬទេ ?

មតិយោបល់

Sponsor

អត្ថបទថ្មីៗ