លោកហែមគិរី៖ ការប្រកួតជើងឯកហែលទឹកពិភពលោកនៅហុងគ្រី ពិតជាសំខាន់ណាស់សម្រាប់កម្ពុជា

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកកម្ពុជាបានថ្លែងកាលពីម្សិលមិញនេះនៅក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី “FINA World Aquatics Day” នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា៖ «ដាច់ខាតយើងត្រូវតែចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជើងឯកពិភពលោកដែលនឹងធ្វើនៅទីក្រុងប៊ុយដាប៉េស្តប្រទេសហុងគ្រី គឺខានមិនបានឡើយ។» សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិកទៅប្រកួត ៣រូបដែលសុទ្ធសឹងជាកីឡាករ កីឡាការិនីជម្រើសជាតិឆ្នើមៗ របស់កម្ពុជា ខណៈដែលការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ ។

ព្រឹត្តិការណ៍ជើងឯកពិភពលោកនេះមានរហូតដល់ជិត ២០០ប្រទេសចូលរួមចំណែកកម្ពុជាយើងនឹងបញ្ជូនកីឡាករ ២រូបមកពីខេត្តកំពង់ចាម ដែលកំពុងហាត់ក្នុងក្រុមជម្រើសជាតិគឺចេង ពិរោទ ដែលហែលក្នុងវិញ្ញាសា ៥០ម៉ែត្ររបៀបផ្ងារ និងសេរី និងកីឡាករធឿន ចាន់ថុល ដែលហែលវិញ្ញាសា ហែល ៥០ម៉ែត្រមេអំបៅ និង១០០ម៉ែត្រសេរី ។ ចំពោះកីឡាការិនីហែមថុន វិទិនី ដែលចូលរួមដែរនោះនឹងប្រកួតលើវិញ្ញាសា ៥០ម៉ែត្ររបៀបសេរី និង៥០ម៉ែត្ររបៀបមេអំបៅ ។

អគ្គលេខាធិការរូបនេះបានមានប្រសាសន៍ដូច្នះថា៖ «ការចូលរួមនេះមានសារៈសំខាន់ច្រើន បើសហព័ន្ធកម្ពុជាមិនបញ្ជូនកីឡាករ-កីឡាការិនីចូលរួមនោះទេនឹងគ្មានសិទ្ធិចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកបានឡើយ ដូច្នេះសហព័ន្ធហែលទឹកកម្ពុជាត្រូវតែបញ្ជូនសហព័ន្ធចូលរួមជាដាច់ខាត។» រូបលោកនឹងទៅចូលរួមជាមួយនឹងការប្រកួតជើងឯកពិភពលោកនេះស្របពេលបើកការប្រកួតនោះសហព័ន្ធហែលទឹកអន្តរជាតិ នឹងធ្វើមហាសន្និបាតជ្រើសរើសសមាជិកប្រតិបត្តិថ្មីរបស់សហព័ន្ធអន្តរជាតិទៀតផង។ លោកបានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងឯកពិភពលោកយើងបានចូលរួមរាល់លើកតែម្តង គឺថាយើងមានសិទ្ធិចូលរួមដោយស្វ័យប្រវត្តិដោយសារតែសហព័ន្ធហែលទឹកអន្តរជាតិ ផ្តល់ឳកាសឲ្យសហព័ន្ធទាំងអស់ដែលជាសមាជិករបស់ FINA ចូលរួមរាល់សកម្មភាពប្រកួតហើយសហព័ន្ធហែលទឹកប្រទេសណាមានបញ្ហារឿងថវិកាវិញសហព័ន្ធហែលទឹកអន្តរនឹងចំណាយឲ្យទាំងអស់គឺការធ្វើដំណើរ ការស្នាក់នៅ ហូបចុក ចំណែកសហព័ន្ធជាតិត្រូវការចំណាយលើប្រាក់ហោប៉ាវ និងការឧបត្ថម្ភផ្សេងៗប៉ុណ្ណោះ» ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ