ស៊ន សៀវមុី ធ្លាក់ចេញពីការប្រកួត ខណៈកម្ពុជានៅសង្ឃឹមអត្តពលិក ២រូបទៀតដែលត្រូវប្រកួតថ្ងៃនេះ

ភ្នំពេញ៖ គិតត្រឹមរសៀលម្សិលមិញនេះកីឡាការិនីឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី បានធ្លាក់ចេញពីការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកពិភពលោក Muju WTF World Taekwondo Championship 2017 ហើយក្រោយប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះ OH Hyeri ក្នុងលទ្ធផល ១៨-៩ ។
បើតាមការឱ្យដឹងពីគ្រូបង្វឹក លោក ជាតិ ខេមរា បានឱ្យថា៖ «នេះពិតជាគួរឲ្យសោកស្ដាយ! ខ្លាំងមែនទែនសម្រាប់កម្ពុជា ដែលកីឡាការិនីឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី មិនអាចបន្ដដំណើរទៅវគ្គបន្ទាប់បាន ប៉ុន្ដែមុននឹងធ្លាក់អតីតម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៤រូបនេះ ក៏បានទម្លាក់កីឡាការិនីអេហ្ស៊ីបនៅក្នុងវគ្គជម្រុះដំបូង នារសៀលថ្ងៃទី២៨ ខែមិថុនា ម្សិលមិញផងដែរ។»
លោកបន្តថា៖ ចំណែកឯអត្តពលិក២រូបទៀតដែលបានធា្លក់ការប្រកួតនេះដូចគ្នានោះមានកីឡាការិនី អ៊ុនវ៉ិន សុចិរង្ស៊ី ចាញ់កីឡាការិនីកាណាដា Dallaire Leblaanc Camille ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម និងកីឡាករ វ៉ាន់ ឬទី្ធក៏ចាញ់កីឡាករជនជាតិ Burkina Faso គឺកីឡាករ Sawadogo Faysal ក្នុងប្រភេទទម្ងន់ក្រោម ៦៤គីឡូក្រាម។ ចំណែកនៅថ្ងៃនេះ កីឡាការិនី ថិប ខាសាន់ដ្រេនីកូល ប្រកួតនឹងកីឡាការិនី Araujo Rafaela ជនជាតិប្រេស៊ីល ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ ឈុន សុខឡុង ជួបកីឡាករសិង្ហបុរី Tan Jason ក្នុងប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ