លោកវ៉ាត់ ចំរើន គ្រោងដកខ្លួនចេញពីប្រធានសហព័ន្ធកីឡាល្បុក្កតោក្នុងពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ តាមដំណឹងច្បាស់ការណ៍មួយពីមន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នឹងត្រូវលាលែងពីតំណែងជាប្រធានទៅជាអនុប្រធាន ឬក៏ជាសមាជិកកិត្តិយសវិញ ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចលេខ ០៥០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាល់លោកវ៉ាត់ ចំរើន ជាប្រធានសហព័ន្ធកីឡាល្បុក្កតោ ដែលមានសុពលភាពដល់ឆ្នាំ២០២១។ ទាក់ទងនឹងបញ្ហានេះប្រធាននាយករដ្ឋបាលនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឯម ហៀង បានឲ្យដឹងថា៖ «ការដែលឯកឧត្តមវ៉ាត់ ចំរើន ដកខ្លួនចេញពីសហព័ន្ធនេះគឺដោយសារតែ លោកមានភារកិច្ចមមាញ្ញឹកខ្លាំងពេក រឿងរៀបចំផែនការឆ្ពោះទៅកាន់ស៊ីហ្គេម នាឆ្នាំ២០២៣។ លោកបានបន្តថា៖ «សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ពិតជានឹងរៀបចំមហាសន្និបាតវិសាមញ្ញដើម្បីជ្រើសតាំងរកប្រធានថ្មីក្នុងអាណត្តិទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈដែលរបៀបវារៈមានវត្តមានលោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ និងលោកបណ្ឌិតចាន់ សារុន ជាអធិបតីផង ហើយខ្លឹមសារផ្សេងពីនេះខ្ញុំមិនបានដឹងទេ»។

ជាមួយគ្នានេះដែលលោកសាន គឹមស៊ាន ជាស្ថាបនិកចងក្រងកីឡាល្បុក្កតោកម្ពុជាឡើងវិញមានប្រសាសន៍ថា៖ «ខ្ញុំសាទរឲ្យមានប្រធានសហព័ន្ធថ្មីដើម្បីជួយលោកវ៉ាត់ ចំរើន ព្រោះគាត់មានការងារច្រើនបំផុតដែលត្រូវទទួលរ៉ាប់រងកីឡានេះ»។ «ពួកខ្ញុំនេះមានវ័យចាស់ៗអស់ហើយ។ ខ្ញុសង្ឃឹមថា ការដឹកនាំ និងគ្រប់គ្រងបន្តគឺតាមទស្សនៈរបស់លោកវ៉ាត់ ចំរើន នោះឯងដើម្បីល្បុក្កតោមានសកម្មភាពលើឆាកជាតិ និងអន្តរជាតិ។ ខ្ញុំទទួលបានដំណឹងថាថ្ងៃ២៩ ខែមិថុនានេះខ្ញុំត្រូវបានគេអញ្ជើញធ្វើជាវាគ្មិនក្នុងមហាសន្និបាតវិសាមញ្ញនោះ»។

គួរបញ្ជាក់ផងដែរថា លោកវ៉ាត់ ចំរើន បានឈរជាប្រធានសហព័ន្ធកីឡាល្បុក្កតោមួយរយៈកន្លងមកនេះ គឺជាការបន្តតំណែងពីលោកស៊ឹម វណ្ណា អតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានដែលបានលាឈប់៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ