លោក Leonardo៖ ប្រកួតពាន KBZ Cup គឺជាការពង្រឹងសមត្ថភាពដ៏សំខាន់ ដើម្បីត្រៀម AFF U-23 និងស៊ីហ្គេម

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា(U-22) បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់ KBZ Bank Cup 2017 នាថ្ងៃស្អែក ហើយការចូលរួមនេះ ត្រូវបានលោក Leonardo គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជានេះ ចាត់ទុកជាការពង្រឹងសមត្ថភាពដ៏សំខាន់ សម្រាប់ត្រៀមវគ្គជម្រុះពានរង្វាន់ 2018 AFC U-23 Championship qualification និងកីឡាការប្រកួតស៊ីហ្គេម នាពេលខាងមុខ ។
លោក Leonardo បានបញ្ជាក់ថា ការប្រកួតនេះ លោកនឹងប្រើប្រាស់ធនធានកីឡាករទាំងអស់ ដើម្បីដុសខាត់សមត្ថភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមពានសំខាន់ៗទាំងពីរខាងលើ ។ ប៉ុន្ដែទន្ទឹមនឹងការចង់បានបទពិសោធន៍ ក៏ដូចជាបង្កើននូវសមត្ថភាពនេះ លោកក៏ត្រូវការឈ្នះផងដែរ ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងព្រឹត្តិការណ៍ KBZ Bank Cup 2017 ដែលនឹងធ្វើឡើងពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ។
គួរបញ្ជាក់ថា ក្រុម U-22 នឹងប្រកួតបើកឆាកពាន KBZ Bank Cup 2017 ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាល្ងាចថ្ងៃទី២៨ ខែមិថុនាស្អែកនេះ នៅមីយ៉ាន់ម៉ា បន្ទាប់មកទើបបន្ដជួបក្រុម Japan Universiad មកពីជប៉ុន និងក្រុម U-22 ហុងកុង ។ ហើយក្រោយបញ្ចប់បេសកកម្មមួយនេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបើកទ្វាធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលJ នៃពាន2018 AFC U-23 Championship ចាប់ពីថ្ងៃទី១៩-២៣ ខែកក្កដា ។ បន្ទាប់មកទើបក្រុម U-22កម្ពុជា ត្រូវបន្ដបេសកកម្មចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩-៣០ ខែសីហាខាងមុខ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ