ម្ចាស់ហាងល្បុក្កតោខេត្តសៀមរាប ចោទលោកស៊ាន គឹមស៊ាន វិញថាកិបកេងប្រាក់កម្រៃកីឡាករជិត២ខែហើយ

 ភ្នំពេញ៖ ខណៈដែលប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាគឺឯកឧត្តមវ៉ាត់ ចំរើន មិនទាន់បានធ្វើការប្រកាសបកស្រាយរឿងបញ្ហាវិវាទរវាងម្ចាស់ហាង ល្បុក្កតោនៅខេត្តសៀមរាប និងលោក សាន គឹមស៊ាន ដែលគេស្គាល់ថាជាប្រធានបណ្ឌិត្យសភាល្បុក្កតោកម្ពុជា និងជាស្ថាបនិកចងក្រងឯកសារជាច្រើនរបស់ល្បុក្កតោ ទាក់ទងរឿងដែលលោកសាន គឹមស៊ាន ចោទម្ចាស់ហាងថាយកល្បុក្កតោធ្វើជាល្បែងផ្ទាល់ ខណៈម្ចាស់ហាងចោទលោកវិញថា កិបកេងលុយកីឡាករ។
បញ្ហាវិវាទនេះ ត្រូវបានកញ្ញា ពេជ្រ ខេនឌី ដែលជាម្ចាស់ហាងមួយកន្លែងនៅខេត្តសៀមរាបដែលបានដាក់ឈ្មោះហាងថា ល្បុក្កតោ នោះ បានធ្វើការប្រកាសបកស្រាយវិញ ជូនសាធារណៈជនរួមទាំងកីឡាករ កីឡាការិនីល្បុក្កតោតាមរយៈកាសែតក្នុងស្រុកមួយកាលពីសប្ដាហ៍មុនថា អ្នកនាងមិនបានយកល្បុក្កតោទៅប្រកួតក្នុងហាងដើម្បីឱ្យភ្ញៀវចាក់ភ្នាល់លុយនោះទេ ផ្ទុយទៅវិញគឺមានតែជំរុញឱ្យកីឡាករកីឡាការិនីសម្ដែង និងប្រកួតគ្នាយកប្រាក់រង្វាន់ដើម្បីឱ្យភ្ញៀវបានឃើញពីល្បុក្កតោខ្មែរតែប៉ុណ្ណោះ ។ ការប្រកាសបកស្រាយរបស់ម្ចាស់ហាងនេះ បានធ្វើឡើងបន្ទាប់ពីលោកសាន គឹមស៊ាន បានប្រកាសលាឈប់ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយម្ចាស់ភោជនីយដ្ឋានដោយមានបញ្ហារឿងយកល្បុក្កតោមកភ្នាល់ដាក់លុយ។
ម្ចាស់ហាងរូបនេះបានបន្តថា រឿងរ៉ាវដែលកើតមានឡើងគឺដោយសារតែលោក សាន គឹមស៊ាន កិបកេងប្រាក់កម្រៃកីឡាករធ្វើឱ្យពួកគេតវ៉ា និងស្នើឱ្យអ្នកនាងជួយអន្តរាគមន៍ទើបអ្នកនាងសុំឱ្យលោកបញ្ជូនឈ្មោះកីឡាករឱ្យមកបើកប្រាក់កម្រៃពីអ្នកនាងផ្ទាល់ តែលោកនៅតែចង់ក្ដោបក្ដាប់លុយកាក់កីឡាករទើបអ្នកនាងទទួលយកមិនបាន ។ កីឡាករ និងគណៈកម្មការផ្ដល់ពិន្ទុនាងបានទទួលដំណឹងថា ទទួលបានប្រាក់កម្រៃមិនសមនឹងការប្រឹងប្រែងនោះទេ ទើបបណ្ដាលឱ្យកីឡាករខ្លះ ព្រមទាំងគ្រូដែលជាគណៈកម្មការខ្លះសុំឈប់ដោយសារតែស្មានថាអ្នកនាងជាអ្នកឱ្យកម្រៃតិច ។ អ្នកនាងថាលោក សាន គឹមស៊ាន រមែងទាមទារចំណុចនេះចំណុចនោះធ្វើឱ្យអ្នកនាងឈឺក្បាល ដោយម្ចាស់ហាងរូបនេះថា កីឡាករដែលមានបទពិសោធន៍ គឺឈ្នះ ៨០ដុល្លារ និងចាញ់ ៦០ដុល្លារ និងសម្រាប់កីឡាករថ្មីដែលហាងយកមកលើកស្ទួយគឺឈ្នះ ៦០ដុល្លារ និងចាញ់ ៤០ដុល្លារ បូករួមនឹងថ្លៃធ្វើដំណើរ ២៥ដុល្លារ និងថ្លៃហូបចុកទៀត ។ ប៉ុន្តែជាក់ស្ដែងលោក សាន គឹមស៊ាន មិនឱ្យកីឡាករឈ្នះចាញ់តាមតម្លៃដែលហាងផ្ដល់ឱ្យនោះទេ ទើបធ្វើឱ្យអ្នកនាងទទួលយកមិនបាន ដោយសារតែមានកីឡាករ-កីឡាការិនីលើកឡើងថា មកប្រកួតក្នុងហាងរបស់អ្នកនាងចង់ងាប់ចង់រស់បានតែ ២០ទៅ ៣០ដុល្លារសម្រាប់មួយប្រកួត ។ ក្នុងនោះសូម្បីតែលុយស្នើឱ្យទិញសម្ភារសម្រាប់ប្រើប្រាស់ក្នុងហាងក៏លោកកិបកេងធ្វើឱ្យមានបញ្ហាផងដែរ ។ បញ្ហាដែលបានកើតឡើង គឺលោក សាន គឹមស៊ាន មានបញ្ហារឿងលុយកាក់ជាមួយកីឡាករ ពេទ្យកីឡាករ និងអ្នកឱ្យពិន្ទុ ដោយកញ្ចប់ប្រាក់សម្រាប់ជួលគ្រូពេទ្យក្នុងពេលប្រកួត គឺលោកបែរជាដាក់ភរិយារបស់ខ្លួនដែលគ្មានជំនាញពេទ្យឱ្យមកធ្វើពេទ្យ និងកិបកេងលុយកាក់កីឡាករច្រើនទៀត ទើបមានបញ្ហា ។
ម្ចាស់ហាងរូបនេះសង្កត់ធ្ងន់ថា ខ្លួនមានភស្ដុតាងទាំងឯកសារ និងឯកសាររស់ ទើបអ្នកនាងប្រកាសមិនខ្លាចនោះទេ ដោយអ្នកនាងបានចាត់ទុកថា លោក សាន គឹមស៊ាន មានបំណងធ្វើឱ្យប៉ះពាល់ដល់ការលើកស្ទួយល្បុក្កតោដែលនាងប្រឹងវិនិយោគនោះផង ។ អ្នកនាងថា ហាងដែលលោក សាន គឹមស៊ាន ទាមទារឱ្យដូរឈ្មោះ គឺអ្នកនាងយល់ថាជារឿងហួសហេតុដោយសារតែឈ្មោះ «ល្បុក្កតោ»នេះ គឺអ្នកនាងបានសុំច្បាប់ពីខាងសហព័ន្ធ និងថាឈ្មោះល្បុក្កតោនេះមិនមែនបង្កើតឡើងដោយលោកសាន គឹមស៊ាននោះទេ ។ អ្នកនាងថា ដរាបណាសហព័ន្ធមិនចេញបញ្ជាឱ្យផ្លាស់ប្ដូរទេ ហើយបើមានបញ្ហាដល់ថ្នាក់ត្រូវដូរឈ្មោះមែន ក៏នាងនៅតែប្រកាន់ជំហរបើកការប្រដាល់ឱ្យភ្ញៀវមើលនៅក្នុងហាងដដែល ដោយគ្រាន់តែប្ដូរពីល្បុក្កតោទៅជាការប្រដាល់សេរីជាដើមដើម្បីលើកមុខលើកមាត់វិស័យកីឡា ។ អ្នកនាងថា លោក សាន គឹមស៊ាន ចោទថាអ្នកនាងយកល្បុក្កតោធ្វើអាជីវកម្ម ប៉ុន្តែធាតុពិតបើហាងរបស់អ្នកនាងមិនមានល្បុក្កតោសម្ដែង ឬប្រកួតគ្នាក៏ដំណើរការបានដោយមិនពិបាកនោះដែរ ជាពិសេសនៅពេលសង្វៀនរបស់ហាងប្ដូរជាទម្រង់ប្រកួតប្រដាល់សេរីអីវិញ។ មកដល់ពេលនេះ ក្រុមការងារ Camsports មិនទាន់ធ្វើការទាក់ទង ជាមួយឯកឧត្តមវ៉ាត់ ចំរើន បាននៅឡើយនោះទេ ដោយសារលោកមានភារកិច្ចប្រជុំ ឭនៅប្រទេសចិន។ តែយើងនឹងព្យាយាមធ្វើការទំនាក់ទងសុំការបកស្រាយផ្លូវការមួយពីប្រធានសហព័ន្ធរូបនេះ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ