ខ្សែប្រយុទ្ធត្រកូល «កែវ» នាំគ្នាចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់យុវជននៅខេត្តសៀមរាប

សៀមរាប៖ ក្នងអំឡងពេលស្នាក់នៅក៏ដូចជាដើរកម្សាន្តនៅលើទឹកដីខេត្តសៀមរាបដ៏ល្បីល្បាញនោះ កីឡាកររបស់ក្លឹបភ្នំពេញក្រោន កែវ សុខង៉ន និងកែវ សុខផេង បានចំណាយពេលវេលាដើម្បីចូលរួមចែករំលែកពីបទពិសោធន៍ និងបច្ចេកទេសខ្លះៗដល់យុវជនដែលនិយមកីឡាបាល់ទាត់នៅក្នុងខេត្តទេសចរណ៍មួយនេះនៅលើទីលានហ្វូតសាលមួយកន្លែងកាលពីថ្ងៃទី២២ ខែមិថុនា​ម្សិលមិញ ។ 

ខ្សែប្រយុទ្ធកែវ សុខផេង បានថ្លែងប្រាប់ពីដឹកដីអង្គរមកថា៖ «ខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួយយុវជន និងកីឡាករមួយចំនួន នៅ Y.E.S Football Academy ដើម្បីបង្ហាញដល់ពួកគេនូវបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់ ក៏ដូចជាបានចែករំលែកបទពិសោធន៍ដែលខ្ញុំ និងបងប្រុសធ្លាប់បានឆ្លងកាត់កន្លងមកទាំងនៅក្នុងកម្រិតក្លឹបក្នុងស្រុក ក្រៅស្រុក និងក្នុងក្រុមជម្រើសជាតិកម្ពុជាជាដើម ។»

សមាជិកក្រុមជម្រើសជាតិដែលមានដើមកំណើតមកពីខេត្តក្រចេះរូបនេះបានបន្ថែមថា៖ «ទោះបីជាមានរយៈពេលខ្លីមែន ប៉ុន្តែយើងបានកសាងនូវចំណងមិត្តភាពដ៏ល្អជាមួយគ្នា ជាពិសេសខ្ញុំសង្ឃឹមថា នឹងអាចវិលត្រលប់មកចូលរូមក្នុងកម្មវិធីបែបនេះ នៅពេលឆាប់ៗខាងមុខទៀត ព្រោះវាជាផ្នែកមួយដើម្បីជំរុញឲ្យយុវជននៅក្នុងខេត្តសៀមរាបនេះបានចូលរួមក្នុងវិស័យបាល់ទាត់កាន់តែផុសផុល និងជៀសឆ្ងាយពីគ្រឿងញៀន ឬអំពើមិនល្អនានា ។»

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ក្លឹបភ្នំពេញក្រោនទាំងពីរនាក់បងប្អូននេះ នឹងចំណាយពេលកម្សាន្តលើទឹកដីប្រាង្គប្រាសាទនេះរហូតដល់ចុងសប្តាហ៍នេះ បន្ទាប់ពីបានចូលរួមហ្វឹកហាត់ ព្រមទាំងប្រកួតអន្តរជាតិ ២លើកធំៗ កាលពីដើមខែមិថុនារួចមក ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ