លោកឆឹង វ៉ាន់ថូ អតីតថ្នាក់ដឹកនាំកីឡាមួយរូបនៅកម្ពុជា ប្រាថា្នលើកស្ទួយវិស័យប្រដាល់ក្រោយសះស្បើយពីជំងឺ

ភ្នំពេញ៖ ក្រោយឃ្លាតឆ្ងាយពីវិស័យកីឡាដោយសារតែជំងឺវះកាត់ក្រពះពោះវៀនអស់រយៈពេលជាង ៤ឆ្នាំកន្លងទៅ លោកលោក ឆឹង វ៉ាន់ថូ ដែលមានតួនាទីជាថ្នាក់ដឹកនាំលើ ៤ ប្រភេទកីឡានៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកនោះមានមហិច្ឆតាចង់ចូលរួមលើកស្ទួយកីឡាម្ដងទៀត ខណៈដែលការត្រលប់មកវិញលើកនេះលោកអាចជួយពង្រឹងបានតែប្រភេទកីឡាប្រដាល់តែប៉ុណ្ណោះ។
គួររំលឹកថា ក្នុងអំឡុងពេលជាង ១០ ឆ្នាំចុងក្រោយនេះ លោកឆឹង វ៉ាន់ថូ ធ្លាប់ដឹកនាំសហព័ន្ធកីឡាមួយចំនួនដូចជា៖ ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF , អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់កម្ពុជា, ទីប្រឹក្សាបច្ចេកទេសសហព័ន្ធកីឡាប្រដាល់ និងជាប្រធានប្រតិភូដឹកនាំកីឡាជនពិការកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមក្នុងរយៈពេល ៦ ឆ្នាំកន្លងមកផងដែរ ។ លោកបានមានប្រសាសន៍បែបនេះថា៖ «ទោះជាគ្រប់សកម្មភាពរបស់ខ្ញុំក្នុងកីឡាមានជាប់ជានិច្ច ប៉ុន្តែមិនបានយកកីឡាជាអាជីពទេគឺគ្រាន់តែស្រឡាញ់កីឡាសម្រាប់សុខភាព និងជួយឧបត្ថម្ភកីឡាឲ្យមានការរីកចម្រើនសម្រាប់ជាតិមាតុភូមិប៉ុណ្ណោះ»។ លោកបានឲ្យដឹងដែរថា ការងារក្នុងកីឡាភាគច្រើនរបស់លោកគឺការជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងទាំងថវិកាដោយគ្មានចង់បានផលប្រយោជន៍អ្វីមកវិញ ក្រៅពីការរីកចម្រើនជឿនលឿន និងឈ្នះមេដាយជូនជាតិឡើយ។
«ខ្ញុំចង់ជួយកីឡាប្រយុទ្ធប៉ុន្តែខ្ញុំវ័យចាស់ចូលនិវត្តន៍ទៅហើយ ខ្ញុំអាចមានលទ្ធភាពជួយឧបត្ថម្ភតិចតួចស្តួចស្តើងត្រឹមកីឡាប្រដាល់តែប៉ុណ្ណោះទៅតាមលទ្ធភាព ។ ត្រឹមឆ្នាំ២០១៧ នេះ ខ្ញុំមានអាយុ ៦៨ឆ្នាំ ហើយមានសុខភាពរឹងមាំឡើងវិញហើយ និងមានទឹកចិត្តចង់ចូលរួមក្នុងសកម្មភាពកីឡាដើម្បីជួយសង្គមគឺស្របតាមចំណង់ចំណូលចិត្តរបស់ខ្ញុំ ដែលធ្លាប់ហ្វឹកហាត់កីឡាច្រើនប្រភេទជាប្រចាំតាំងពីកុមារភាពមកនោះ»។ ជាមួយគ្នានេះដែរលោកតែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរមានប្រសាសន៍ថា៖ «លោកឆឹង វ៉ាន់ថូ នៅតែជាទីប្រឹក្សាសហព័ន្ធជានិច្ចនៅពេលដែលលោកមានសុខភាពល្អអាចជួយសហព័ន្ធពេលណាក៏បានដែរតាមការស្ម័គ្រចិត្ត ហើយសហព័ន្ធប្រដាល់នៅតែរង់ចាំទទួលស្វាគមន៍លោកជានិច្ច» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ