កីឡាករកាយសម្ព័ន្ធកម្ពុជា សំ រីម មានភាពរីកចម្រើនជាងមុន ខណៈកំពុងសម្ងំហាត់នៅចិន

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមប្រកួតនាអំឡុងខែសីហាខាងមុខនេះហើយ ខណៈដែលកីឡាករកាយសម្ព័ន្ធរបស់កម្ពុជាមួយរូប គឺកីឡាករសំ រីម កំពុងតែធ្វើការហ្វឹកហាត់នៅប្រទេសចិនតាំងពីថ្ងៃទី១០ ខែមេសាមកនោះ ត្រូវបានលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាសសើរថា មានការរីកចម្រើនទាំងកម្លាំងកាយទាំងកលល្បិច ។ លោកបានមានប្រសាសន៍បែបនេះ បន្ទាប់ពីលោកត្រឡប់មកពីសួរសុខទុក្ខ និងពិនិត្យមើលការហ្វឹកហាត់កីឡាកររបស់ខ្លួន ។
លោកណយ ផាណា បានលើកឡើងថា៖ «សម្រាប់ការហ្វឹកហាត់នៅប្រទេសចិននេះក្នុងមួយថ្ងៃកីឡាករ សំ រីម ហ្វឹកហាត់ ២ពេលគឺពេលព្រឹកពីម៉ោង ៨ ទៅ ១២ថ្ងៃត្រង់ និងរសៀលពីម៉ោង ៣ទៅម៉ោង៦កន្លះ ដោយក្នុងមួយសប្ដាហ៍មជ្ឈមណ្ឌលអនុញ្ញាតឲ្យសម្រាក ៣ព្រឹកហើយ ៣ ព្រឹកនោះមុននឹងសម្រាកត្រូវមកហ្វឹកហាត់កម្លាំង ២ម៉ោងសិនគឺពីម៉ោង ៦ទៅ៨។ សម្រាប់ពេលរសៀលហាត់ជាធម្មតា។» លោកបានបន្ថែមថា តាមការគ្រោងទុក កីឡាករ សំ រីម នឹងបន្តហ្វឹកហាត់នៅខេត្ត Guangdong រហូតដល់ថ្ងៃទី១៥ ខែសីហាទើបគេត្រូវធ្វើដំណើរទៅម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡា SEA Games តែម្ដង ។
គួរបញ្ជាក់ថា សំ រីម គឺជាកីឡាករកាយសម្ព័ន្ធវិញ្ញាសាអាក់ទីស្ទីកតែម្នាក់គត់របស់កម្ពុជាដែលមានសមត្ថភាពខ្ពស់ជាងគេ ខណៈដែលកីឡាកាយសម្ព័ន្ធមាន ២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក និងអាកទីស្ទីក ប៉ុន្តែអាកទីស្ទីកវិញគឺជាវិញ្ញាសាមួយដែលប្រឈមនឹងគ្រោះថ្នាក់ច្រើនណាស់ ។ លោក ណយ ផាណា បានឲ្យដឹងដែរថា ពេលនេះកីឡាករ សំ រីម អាចលោតបង្វិលខ្លួនក្នុងលំហរបាន ២-៣ជុំ ទើបធ្លាក់មកដល់កម្រាលវិញ។ គុណផល (Perfomance) របស់គេកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត ហើយលោកជឿជាក់ថា សំ រីម នឹងធ្វើបានល្អសម្រាប់ស៊ីហ្គេមនាពេលខាងមុខឆាប់ៗនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ