នេះជាហេតុផលដែលសហព័ន្ធប្រដាល់សកលកម្ពុជាសម្រេចមិនបញ្ជូនកីឡាករទៅហ្វឹកហាត់នៅស្រុកថៃ

ភ្នំពេញ៖ ការប្រកួតសុីហ្គេមនឹងឈានចូលមកដល់នាអំឡុងខែសីហាខាងមុខនេះហើយ ជាមួយគ្នានេះដែរ ក្រុមអត្តពលិកកម្ពុជាដែលមានឈ្មោះត្រូវចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះក៏បានត្រៀមខ្លួន និងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្នុងដំណាក់កាលប្រមូលផ្តុំនេះ ដោយកីឡាករ-កីឡាការិនីខ្លះត្រូវបានសហព័ន្ធរបស់ពួកគេបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសថែមទៀតផងដូចជាសហព័ន្ធកាយសម្ព័ន្ធ និងតេក្វាន់ដូជាដើម ។ យ៉ាងណាក៏ដោយ សហព័ន្ធប្រដាល់កីឡាប្រដាល់សកលកម្ពុជាបែរជាបោះបង់ចោលឱកាសក្នុងការបញ្ជូនកីឡាករចេញទៅហាត់នៅក្រៅស្រុកវិញ បើទោះបីជាសហព័ន្ធកីឡាប្រដាល់អន្តរជាតិបានសម្រេចរៀបចំឲ្យពួកគេចេញទៅហាត់នៅប្រទេសថៃក៏ដោយ ។

ទាក់ទងនឹងបញ្ហានេះ លោក ប៊ួយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានថ្លែងថា៖ «ភាគីកម្ពុជាសម្រេចមិនទទួលការផ្ដល់ឱកាសនេះឡើយ ព្រោះតែមានការព្រួយបារម្ភលើភាគីថៃដែលអាចដឹងពីសមត្ថភាពកីឡាករកម្ពុជាគ្រាដែលថៃក៏ជាបេក្ខភាពមួយដ៏មានសក្ដានុពលក្នុងប្រភេទកីឡាប្រដាល់សកលនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះ»។  លោកបានបន្ថែមថា ដំបូងឡើយភាគីកម្ពុជាបានស្នើរសុំបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែដោយសារតែគ្រូបង្វឹកនៅទីនោះមានភារកិច្ចត្រូវធ្វើជាចំបាច់ ទើបអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិដែលជាជនជាតិថៃបានម្រេចបង្វែរឲ្យក្រុមកម្ពុជាចេញទៅហាត់នៅក្នុងប្រទេសថៃវិញ ។ ប៉ុន្តែដោយសារតែថៃគឺជាគូប្រជែងមួយរបស់កម្ពុជាក្នុងដំណើរដណ្តើមមេដាយនោះ ទើបកម្ពុជាសម្រេចមិនបញ្ជូនកីឡាករទៅ ហើយស៊ូទ្រាំហ្វឹកហាត់នៅក្នុងស្រុកវិញ ។ យ៉ាងណាក៏ដោយ លោកមានក្តីសង្ឃឹមថា ក្រុមកីឡាករកម្ពុជានឹងអាចដណ្តើមបានមេដាយយ៉ាងហោចណាស់ក៏ ១គ្រឿងដែរពីព្រឹត្តិការណ៍សុីហ្គេម ពិសេសលើប្រភេទទម្ងន់ធ្ងន់តែម្តង ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងកូឡាឡាំពួរ ដែលចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សហព័ន្ធប្រដាល់សកលបានសម្រេចបញ្ជូនកីឡាករ ៥រូប ដោយក្នុងនោះមានកីឡាករ សាន្ដ តុលា ប្រកួតលើភេទទម្ងន់ ៤៩គីឡូក្រាម, កីឡាករ ហុក រ៉ាម៉ន ប្រកួតប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ ណាត់ សៀកនិន ប្រកួតប្រភេទទម្ងន់ ៥៦គីឡូក្រាម, កីឡាករ ផល សោភ័ណ្ឌ ប្រកួតប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ ហ្វីលីប ម៉ាទីន ប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ