គ្រូ U-17កម្ពុជា៖ ចាញ់ U-17 វៀតណាម ៤-០ គឺដោយសារការបញ្ចប់ទីមិនបានល្អ

ភ្នំពេញ៖ លោក Inoue Kazunori គ្រូបង្វឹកជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា(U-17) មិនបានបន្ទោសកូនក្រុមខ្លួនឡើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមយុវជន U-17 វៀតណាម ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអបអរខួបលើកទី ៥០ឆ្នាំនៃទំនាក់ទំនងកាទូតប្រទេសទាំងពីរកាលពីយប់មិញ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងកោតសរសើរការខំប្រឹងរបស់កូនក្រុមទៀតផង ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានលើកឡើងថា កូនក្រុមរបស់ខ្លួនបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្ដែដោយសារក្រុម U-17 វៀតណាម គឺជាក្រុមខ្លាំង ទើបពួកគេធ្វើមិនបានល្អ ។ តែយ៉ាងណាលោកបានមើលឃើញពីចំណុចរីកចម្រើនរបស់ក្រុម U-17កម្ពុជា គ្រាដែលការបរាជ័យខាងលើ លោកបានចាត់ទុកគ្រាន់តែជារឿងគ្មានសំណាងមួយប៉ុណ្ណោះ ។

លោកបានសង្កត់ធ្ងន់ថា «អ្នកទាំងអស់គ្នា ប្រហែលប្រៀបធៀបត្រឹមលទ្ធផល ហើយវាយតម្លៃក្រុមយុវជនកម្ពុជា តែធាតុពិតទម្រង់លេងរបស់ពួកគេ គឺល្អ ដោយពួកគេបានបង្កើតឱកាសស៊ុតជាច្រើនលើក តែធ្វើមិនបានសម្រេច ។ និយាយរួមក្រុមយុវជន U-17វៀតណាមបញ្ចប់ទីបានល្អជាង ហើយក្រុមយុវជនកម្ពុជា ក៏មានឱកាសដែរ តែបញ្ចប់ទីមិនបានល្អ» ។

លោក Phan The Hieu គ្រូបង្វឹកក្រុម U-17វៀតណាម ក៏បានថ្លែងយ៉ាងដូច្នេះដែរថា ក្រុមម្ចាស់ផ្ទះកម្ពុជា ពិតជាមានឱកាសច្រើននៅតង់ទី១ ប៉ុន្ដែពួកគេធ្វើមិនបានសម្រេច ។ បន្ទាប់មកកូនក្រុមរបស់ខ្លួនក្ដោបឱកាសបានល្អ ទើបពួកគេអាចស្វែងរកគ្រាប់បាល់ជ័យជម្នះជាបន្ដបន្ទាប់បាន ។ តែយ៉ាងណាគ្រូបង្វឹកជនជាតិវៀតណាមនេះ បានអះអាងថា ក្រុមយុវជនកម្ពុជា ពិតជាមានការរីកចម្រើនច្រើន បើធៀបកាលពីឆ្នាំ២០១៦ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ