មិត្តភាព៖ U-17កម្ពុជា ប៉ះវៀតណាមស្អែកនេះ គឺជាជំនួបដ៏ល្អ និងទាក់ទាញ

ភ្នំពេញ៖ ជំនួបរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា(U-17) និងក្រុម U-17វៀតណាម នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ៈ៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ នឹងក្លាយជាការប្រកួតដ៏ល្អ និងទាក់ទាញ ដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងវៀតណាម ។ នេះបើតាមការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹកក្រុមទាំងពីរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនាព្រឹកថ្ងៃអង្គារនេះ ។

លោក Inoue Kasunori គ្រូបង្វឹកក្រុម U-17កម្ពុជា បានលើកឡើងថា ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាជាច្រើនលើកមកហើយ តែភាគច្រើនកូនក្រុមខ្លួនធ្វើមិនបានល្អនោះទេ ។ ប៉ុន្ដែការប្រកួតស្អែកនេះ លោកបានប្ដេជ្ញាចិត្តដឹកនាំក្រុម U-17កម្ពុជាធ្វើឲ្យបានល្អ ដើម្បីបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន ពិសេសគឺលោកចង់សងសឹកក្រុម U-17វៀតណាម ដែលបានយកឈ្នះកូនក្រុមខ្លួន នៅលើទឹកដីជប៉ុន កាលពីឆ្នាំ២០១៦ ។

ដោយឡែកលោក Dinh The Nam គ្រូបង្វឹកក្រុម U-17វៀតណាម បាននិយាយថា ការប្រកួតថ្ងៃស្អែក លោកមិនសូវគិតពីលទ្ធផលនោះទេ ប៉ុន្ដែលោកនឹងជំរុញធ្វើឲ្យបានល្អ ដោយគ្មានការលាក់ជើងឡើយ ដើម្បីធ្វើឲ្យការប្រកួតមិត្តភាពនេះ ក្លាយជាការប្រកួតដ៏ល្អ និងទាក់ទាញអ្នកទស្សនា ។ ពិសេសគឺការបង្កើននូវសមត្ថភាព សម្រាប់ការត្រៀមការប្រកួតលក្ខណអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិនេះ ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងវៀតណាម ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ