ជំនួបខ្មែរ-ថៃ ៣ គូ នឹងធ្វើឲ្យកក្រើកសង្វៀន CNC នៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ អ្នកប្រដាល់ពូកែឆ្វេង រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Niv Vangchan លើសង្វៀន CNC នៅយប់ថ្ងៃទី១៧ ខែមិថុនាស្អែកនេះ ។ តាមពិតទៅ អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតឈ្នះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សម្តងរួចមកហើយ ។ កីឡាករ Niv Vangchan គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលទប់ទល់នោះទេ រូបគេគឺជាជើងខ្លាំងមួយរួបនៅក្លិប Sor Pakorn Phonsurin  ដោយហ្វឹកហាត់ជាមួយគ្រូបង្វឹកឈ្មោះ Rong Rith Sos Danchhai និងមានប្រវត្តិប្រកួតចំនួន ៨៨ដង ឈ្នះ ៦៦ដង ចាញ់ ១៩ដង និងស្មើពិន្ទុ ៣ដងផងដែរ ។

ចំពោះអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ វិញមានប្រវត្តិប្រកួតចំនួន ១៣៥ដង ឈ្នះ ១១៧ដង ចាញ់ ១៦ដងស្មើពិន្ទុ ២ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៣៣ដង ។ អ្នកប្រដាល់រូបនេះពូកែឆ្វេងហើយការវាយចេញរបស់គេធ្ងន់ណាស់តែចិត្តគេមិនជាធំឡើយ ពោលគឺបើគូប្រកួតខ្លាំងជាង ឬ លំបាកស៊ីនោះគេនឹងចាប់ផ្តើមបាក់ស្រុត ឬវាយលែងចេញតែម្តង ។ 

មួយគូទៀតនោះគឺ កីឡាករ អ៊ុំ វណ្ណេត មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Ubun Tydet Lo Ngin ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ គេសង្កេតឃើញថា មួយរយៈនេះ អ៊ុំ វណ្ណេត មិនសូវមានឱកាសបានឡើងប្រកួតនោះទេ ហើយរូបគេមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ៤៧ដង ចាញ់ ២១ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២២ដង ។ ចំពោះអ្នកប្រដាល់ថៃ Phayak Ubun Tydet Lo- Ngin វិញគេមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ ៧០ដង ចាញ់ ១៤ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ កីឡាករថៃរូបនេះហ្វឹកហាត់នៅក្លិប Tydet Lo-Ngin ជាមួយគ្រូបង្វឹក Sumthai Keit Phothai ។​ ចាំមើលនរណាជាអ្នកឈ្នះ ?

ចំណែកឯកីឡាករ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាដែលមានប្រវត្តិប្រកួតចំនួន ៥៦ដង ឈ្នះ ៣៨ដង ចាញ់ ១៧ដង និងស្មើពិន្ទុ ១ដងថែមទាំងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១៥ដងនោះ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Tamrout Tydet Lo-Ngin ។ កីឡាករថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៨៣ដង ឈ្នះ ៦៧ដង ចាញ់ ១៣ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។ គេក៏កំពុងហ្វឹកហាត់នៅក្លិប Tydet Lo-Ngin ជាមួយគ្រូបង្វឹកឈ្មោះ Sumthai Keit Phothai ដែរ ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ