លីគកំពូលកម្ពុជា បន្ដការប្រកួតជើងទី២ ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ បន្ទាប់ពីសម្រាក ២សប្ដាហ៍ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុជើងទី២ នាចុងសប្ដាហ៍នេះវិញហើយ ដោយមាន ៦ប្រកួតធ្វើឡើងនៅលើទីលានចំនួន ៥ផ្សេងៗគ្នា ។

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី១៣ នៃជើងទី២ ចុងសប្ដាហ៍នេះ រួមមានថ្ងៃសៅរ៍មាន ៣គូ គឺក្រុមវេស្ទើន បើកកីឡដ្ឋានខ្លួនទទួលក្រុម Cambodian Tiger, ក្រុមអាស៊ីអឺរ៉ុប ជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមណាហ្គាវើល ជួបក្រុមគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិ ។ ចំណែកថ្ងៃអាទិត្យមាន ៣គូដូចគ្នា គឺក្រុមអគ្គិសនីកម្ពុជា បើកកីឡដ្ឋានខេត្តស្វាយរៀងជួបក្រសួងការពារជាតិ, បឹងកេត ប៉ះក្រុមប៉ូលិស នៅពហុកីឡដ្ឋានជាតិ និងក្រុមភ្នំពេញក្រោន ជួបក្រុមស៊ីម៉ាក់ នៅកីឡដ្ឋាន RSN ។

ដោយឡែកចំពោះលទ្ធផលទាំង ៦គូកាលពីជួបគ្នាជើងទី១ រួមមានគឺក្រុមវេស្ទើនភ្នំពេញ ចាញ់ក្រុម Cambodian Tiger ២-៣, ក្រុមអាស៊ីអឺរ៉ុប ចាញ់ព្រះខ័នរាជស្វាយរៀង ៣-៤, ក្រុមណាហ្គាវើល ឈ្នះក្រុមគិរីវង់សុខសែនជ័យ ៣-១, ក្រុមអគ្គិសនីកម្ពុជា ឈ្នះក្រុមក្រសួងការពារជាតិ ២-១, បឹងកេត ចាញ់ក្រុមប៉ូលិស ២-១ និងក្រុមភ្នំពេញក្រោន ប្រកួតស្មើក្រុមស៊ីម៉ាក់ ២-២ ។ រីឯតំណែងកៅអី Top-4 បណ្ដោះអាសន្ន រួមមានក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងមាន ២៥ពិន្ទុ, ក្រសួងការពារជាតិ ឈរលេខ២ មាន ២៤ពិន្ទុ, ណាហ្គាវើលឈរលេខ៣ មាន ២២ពិន្ទុ និងក្រុមភ្នំពេញក្រោនឈរលេខ៤ មាន ២១ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ