អតីតអង្គរក្សឆ្នើមជាងគេនៅកម្ពុជាបន្តពង្រឹងវិស័យកីឡាក្រោយចូលនិវត្តន៍ពីមុខងាររាជការ

ភ្នំពេញ៖ ក្នុងមុខតំណែងជាមន្ត្រីជាន់ខ្ពស់មួយរូបដែលបានបំពេញមុខងារដ៏សំខាន់ផ្នែកសន្តិសុខការពារថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជាអស់រយៈកាលជាច្រើនឆ្នាំរួចមក នៅពេលនេះលោកឧត្តមសេនីយ៍ ម៉ក់ សំអុល បានចូលនិវត្តន៍ជាផ្លូវការហើយ។ យ៉ាងណាក៏ដោយ អតីតរាជង្គរក្ស (រាជអង្គរក្ស) ព្រះមហាក្សត្រកម្ពុជារូបនេះនៅតែបន្តចូលរួមក្នុងវិស័យកីឡាយ៉ាងផុសផុល ជាមួយនឹងតួនាទីជាថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាមួយចំនួនដូចជាហាប់គីដូ និងសូហ្វតេន្នីសជាដើម ។

បុរសមាធធំក្រអាញរូបនេះបានថ្លែងដោយមុឺងម៉ាត់ថា៖«ខ្ញុំបានចូលនិវត្តន៍ពីការងាររាជការហើយ ប៉ុន្តែការងារកីឡាខ្ញុំនៅតែបន្តរហូតដល់ស្លាប់គឺមិនឈប់ឡើយ ព្រោះគោលបំណងធំរបស់ខ្ញុំ គឺចង់ឲ្យមានអ្នកបន្តវេន ប៉ុន្តែខ្ញុំអភ័ព្វដោយគ្មានកូនប្រុសហាត់កីឡាសោះ»។ យ៉ាងណាក៏ដោយលោកបានអះអាងថា៖ «ឥឡូវខ្ញុំរកអ្នកបន្តវេនបានហើយ គេជាក្មេងប្រុសអាយុ ១៤ ឆ្នាំដែលកំពុងបណ្តុះបណ្តាលផ្នែកកីឡាហើយចង់ឲ្យក្លាយជាគ្រូបង្វឹកតែម្តងសម្រាប់កម្ពុជាពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ»។ ទន្ទឹមនឹងនេះដែរ លោកបានបន្ថែមថា៖ «គោលបំណងធំរបស់ខ្ញុំ គឺចង់ស្វែងរកអត្តលិកវ័យក្មេងអាយុប្រហែលជាង ១០ ឆ្នាំ ដែលមានទេពកោសល្យ ឬនិស្ស័យផ្នែកកីឡាយកមកបណ្តុះបណ្តាលជំនាញសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ដែលយើងធ្វើម្ចាស់ផ្ទះ។ សព្វថ្ងៃទោះខ្ញុំមានជីវភាពមិនធូរធារដូចគេ ប៉ុន្តែក្នុងវិស័យកីឡា ខ្ញុំតែងតែផ្សារភ្ជាប់ជានិច្ចហើយមិត្តភក្តិ និងបងប្អូនៗនៅតែគាំទ្រខ្ញុំ ឧបត្ថម្ភខ្ញុំជាប់ជាប្រចាំហើយការងារនេះខ្ញុំធ្វើរហូតដល់ថ្ងៃស្លាប់»។

សូមបញ្ជាក់ថា ក្រោយពីចូលនិវត្តន៍ពីមុខងាររាជការ លោក ម៉ក់ សំអុល កំពុងតែបំពេញតួនាទីជាទីប្រឹក្សាម្នាក់របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានចូលរួមដឹកនាំស្ថាប័នកីឡាមួយចំនួនទៀត ដូចជា មានតំណែងជាអគ្គលេខាធិការសហភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ, ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ, ប្រធានសហព័ន្ធកីឡាខ្មែរហាប់គីដូ ព្រមទាំងជាអនុប្រធានសហព័ន្ធសូហ្វតិន្នីផងដែរ។ ក្រៅពីនេះលោកក៏បានរួមចំណែកខាងសិល្បៈ និងអប់រំទៀតផង ដោយមានមុុខងារជាទីប្រឹក្សាសាកលវិទ្យាល័យចំនួន ២ និងជាទីប្រឹក្សាភាពយន្តផ្នែកតួវាយប្រយុទ្ធគ្នាដោយសិក្សាលម្អិតពីក្បាច់គុនមុននឹងថតភាពយន្ត ។

គួរំលឹកផងដែរថា  លោកធ្លាប់បានជាប់ជាកីឡាករជម្រើសជាតិផ្នែកចំបាប់កាលពីឆ្នាំ១៩៧៤ ហើយចាប់តាំងពីឆ្នាំ១៩៨០មកបានចូលធ្វើជាមន្ត្រីប៉ូលិស និងបានបង្កើតក្លិប «មិត្តប៉ូលស» ដែលមានហ្វឹកហាត់ផ្នែកប្រដាល់គុនខ្មែរ កីឡាតេក្វាន់ដូ ការ៉ាតេដូ ចំបាប់ និងយូដូ ជាងនេះទៅទៀត លោកក៏ជាអ្នកដែលបានផ្តួចផ្តើមនាំយកគ្រូបង្វឹកកីឡាតេក្វាន់ដូ WTF មកកាន់ប្រទេសកម្ពុជាផងដែរ ដោយមានគ្រូបង្វឹកចំនួន ៣ នាក់ គឺទី១ លោក យ៉ុង វីនឌីនតុន មកបង្វឹកឲ្យកម្ពុជាពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣, ទី២ លោកគ្រូ គីម ហានឆូ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ និងទី៣ លោកគ្រូ ឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន ដូច្នេះលោកម៉ក់ សំអុល គឺជាបុគ្គលមួួយរូបដែលបានរួមចំណែកដ៏សកម្មដើម្បីធ្វើឲ្យកីឡាតេក្វាន់ដូនៅកម្ពុជាមានភាពរីកចម្រើនដល់សព្វថ្ងៃ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ